
ប្រទេសឡាវ៖ តាមរយៈជំនួបទ្វេភាគីជាមួយ លោកស្រី តាម៉ា ហ្កាប៊ែលនីកក៍ (Tamar Gabelnick) នាយិកាយុទ្ធនាការអន្តរជាតិហាមឃាត់មីនប្រឆាំងមនុស្ស-សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម (ICBL-CMC) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងពីការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ លើទឹកដីកម្ពុជា បង្កការគំរាមកំហែងថ្មីដល់ពលរដ្ឋ..។

ថ្លែងក្នុងជំនួបដែលធ្វើឡើងនៅប្រទេសឡាវ នាឱកាសដែលលោកទៅចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បញ្ជាក់ប្រាប់ លោកស្រី តាម៉ា ហ្កាប៊ែលនីកក៍ថា៖«ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ មកលើទឹកដីកម្ពុជា គឺជាការវាយប្រហារលើស្មារតី និងព្រលឹងនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងជាការថយក្រោយចំពោះការប្តេជ្ញាចិត្តជាសកលក្នុងការប្រឆាំងនឹងអាវុធដ៏គ្រោះថ្នាក់នេះ»។ លោកទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថាសកម្មភាពនេះ មិនត្រឹមតែបង្កការគំរាមកំហែងថ្មីដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងការតស៊ូមតិរបស់ ICBL-CMC ក្នុងការលុបបំបាត់គ្រាប់បែកចង្កោមទូទាំងពិភពលោក។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យ ICBL-CMC បន្តបង្កើនការតស៊ូមតិ និងបញ្ចេញសំឡេងប្រឆាំងយ៉ាងច្បាស់លាស់ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅគ្រប់ទីកន្លែង ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងរក្សាស្មារតីមនុស្សធម៌នៃអនុសញ្ញា៕






