តស់..កុំភ្លេចចូលរួម ! ក្រសួងវប្បធម៌ ប្រកាសទទួលពាក្យចូលរួមប្រកួតក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤
អុន សម្ផស្ស
11 កក្កដា 2024 06:00 AM

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​ប្រារព្ធ​មហោ​ស្រព​ជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «ភាពយន្តខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅ កាន់ភាពយន្តខ្លាតវែង» ដោយក្រសួងផ្តើមទទួល​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ចាប់​ពីថ្ងៃជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី៣០កញ្ញា...។

រូបភាពតំណាង
រូបភាពតំណាង

ក្រសួងបញ្ជាក់ថា មហោ​ស្រព​ជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ រៀបចំឡើង ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហានក្លាយជាផលិតករភាពយន្ត ព្រមទាំងដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ នេះនឹងជ្រើសរើសខ្លឹមសារគោលសម្រាប់ការ ចូលរួមប្រកួតប្រជែង រួមមាន៖ ទី១.វប្បធម៌ ការអភិវឌ្ឍសង្គម ដោយខ្លឹមសារនៃសាច់រឿងត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមាន៖ ចំណេះ ដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ រីឯទី២.ភាពច្នៃប្រឌិតនិងការបង្កើតថ្មី ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។

ក្រសួងបន្ថែមថា ចំពោះគោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង៖ ទី១.ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ ដែលត្រូវបានប្រកាសជ្រើសរើសបឋមនឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទី២.ស្នាដៃភាពយន្តដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវវិនិច្ឆ័យជ្រើសរើសបឋម ដោយគណៈកម្មការ មេប្រយោគវគ្គជម្រុះ ដើម្បីជ្រើសយកស្នាដៃភាពយន្តចំនួន០៥ចំណងជើង បន្តចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។ ទី៣.ការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។ គណៈកម្មការមេប្រយោគវគ្គផ្តាច់ព្រ័ត្រនឹងប្រកាសជ្រើសរើសស្នាដៃភាពយន្តដែលល្អផ្តាច់គេ ដើម្បីប្រគល់ពានរង្វាន់។

ទី៤.គណៈកម្មការរៀបចំមហោស្រពមានសិទ្ធិប្រើប្រាស់ផ្នែកខ្លះ​ នៃភាពយន្តខ្នាតខ្លី (មិនលើសពី៣០វិនាទី) និងរូបភាពសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយរបស់មហោស្រពជាតិភាពយន្តខ្នាតខ្លី លើកទី៤ និងប្រើប្រាស់ភាពយន្ត ខ្នាតខ្លីនេះ (Full Length) សម្រាប់ចាក់បញ្ចាំងក្នុងរោងភាពយន្តក្នុងឱកាសមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤។ ទី៥.ស្នាដៃភាពយន្តដែលបានជ្រើសរើសចូលរួមមហោស្រព គណៈកម្មការរៀបចំមហោស្រពអាចធ្វើការ ផ្សព្វផ្សាយភាពយន្ត (Full Length) តាមរយៈគេហទំព័ររបស់មហោស្រព ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅ ចូលរួមក្នុងមហោស្រពភាពយន្តថ្នាក់តំបន់ និងអន្តរជាតិ ក្រោយពីទទួលបានការយល់ព្រមពីម្ចាស់សិទ្ធិ។

គួរជម្រាបថា ពានរង្វាន់ក្នុង​មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ រួមមាន៖ ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា, ពានជ័យលាភីលេខ២ (Silver Award) ទទួល​បានពានប្រាក់ អមដោយថវិកា, ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបាន​ពានសំរិទ្ធ អមដោយថវិកា, ពានរង្វាន់របស់មេប្រយោគ (Special Jury Award) ទទួលបានពាន អម​ដោយ​ថវិកា និងពានរង្វាន់ទស្សនិកជន (Audience Award) ទទួលបានពាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត