
រាជធានីភ្នំពេញ៖ ខណៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ដែលមានប្រវត្តិបង្កើតតាំងតែពីជាង១០០ឆ្នាំមុន ហាក់ទទួលបានការចាប់អារម្មណ៍ពីមហាជនខ្មែរក្មេងចាស់ជាថ្មី តាមរយៈរឿងកុលាបប៉ៃលិន។ ថ្ងៃនេះ SBM News សូមរំលេចខ្លះៗពីប្រវត្តិល្ខោនដោយយោងទៅតាមឯកសារដែលទទួលបានពី អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ល្ខោនបាមោជ្ជទ័យ ជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយប្រភេទ កើតឡើងក្នុងសង្គមខ្មែរ ក្នុងអំឡុងពេលក្រោយសង្គ្រាមលោកលើកទី១ ពោលគឺត្រូវបង្កើតនៅចន្លោះឆ្នាំ១៩១៤ និងឆ្នាំ១៩១៨។ ល្ខោននេះ ជាទម្រង់ល្ខោនមួយបែបប្លែកពីល្ខោនដទៃ ដោយទម្រង់សិល្បៈនេះ មានលំនាំពីទស្សនីយភាពចម្រៀងបស្ចិមប្រទេស ជាមួយលំនាំច្រៀងតាមបែប អូប៉េរ៉េត(OPERETTE) រួមផ្សំជាមួយកាយវិការសម្ដែងតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរទៅតាមសាច់រឿងដកស្រង់ចេញពីអក្សរសិល្បិ៍ខ្មែរ និងអមដោយសាច់ភ្លេងចម្រុះ ទំនើបលាយបុរាណ។ ពាក្យ «បាមោជ្ជទ័យ» ជាភាសាបាលី ឬ «ប្រាមោទ្យទ័យ» ជាភាសាសំស្ក្រឹត ត្រូវបានកំណត់ជាឈ្មោះទម្រង់ល្ខោននេះ ដោយយោងទៅលើទិដ្ឋភាពរួមនៃទស្សនីយភាពរបស់ល្ខោន ដែលនឹងបង្ហាញពីសេចក្តីរីករាយ សេចក្តីពេញចិត្ត លាយឡំនឹងមនោសញ្ចេតនារំជួលចិត្ត។

តាមលោក សាស្ត្រាចារ្យ ណុប សម្បត្តិ ថ្លែងក្នុងវីដេអូរបស់ក្រសួងវប្បធម៌អំឡុងពេលដឹកនាំការសម្តែងរឿងកុលាបប៉ៃលិនកាលពីខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា៖«ល្ខោនបាមោជ្ជទ័យ ជាទម្រង់ល្ខោនមួយបែបដែលមានប្រជាប្រិយភាព ហើយមានបទចម្រៀងស្ទើរតែ៥០០បទឯណោះ នៅក្នុងទម្រង់ល្ខោនបាមោជ្ជទ័យនេះ»។ សាស្ត្រាចារ្យរូបនេះបន្តថា គួរឱ្យស្ដាយដោយសារសង្គ្រាម ជាពិសេសរបបប្រល័យពូជសាសន៍ បង្កការលំបាកដល់វិស័យអភិរក្សសិល្បៈបុរាណមកទល់បច្ចុប្បន្ន ដោយទាំងឯកសារ និងធនធានមនុស្ស ត្រូវបានបំផ្លាញ ហើយការបង្កើតទស្សនីយភាពសិល្បៈឡើងវិញពឹងផ្អែកទាំងស្រុងទៅលើ លោកគ្រូ អ្នកគ្រូ ដែលធ្លាប់មានបទពិសោធកន្លងមក។ ពោលគឺមកដល់បច្ចុប្បន្ន គ្មាននរណាម្នាក់អាចចាំទេថា មានបទណាខ្លះដែលត្រូវប្រើក្នុងទម្រង់ល្ខោននោះ។ លោកពន្យល់បន្ថែមថា ចំពោះការសម្ដែង«ល្ខោនបាមោជ្ជទ័យ» វិញមិនមែនជាទម្រង់លើឆាកចំនោះទេ គឺសម្ដែងពីជីវិតពិត តែការសម្ដែងងាកទៅរកបែបភាពយន្តវិញ មិនសម្ដែងពង្រីកធំដូចល្ខោនដទៃខ្មែរយើងនោះទេ ហើយមានបទចម្រៀងអមរហូត ឯការនិយាយវិញមានតិច តែការច្រៀងមានច្រើន។

សូមរំឭកថា ក្រោយមានការស្នើពីសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងវប្បធម៌ អភិរក្សសិល្បៈដែលរងហានិភ័យ ឬប្រឈមនឹងការបាត់បង់ ពិសេសគឺល្ខោនបាមោជ្ជទ័យ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ«អ្នកស្នងមរតក»។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទស្សនីយភាពសិល្បៈល្ខោន«បាមោជ្ជទ័យ» បានលេចរូបរាងឡើងវិញតាមរយៈ «រឿងកុលាបប៉ៃលិន» កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងអ្នកបច្ចេកទេសសរុប១១០រូប ដោយបានឆ្លងកាត់ការដំឡើង និងហាត់សមរយៈពេលជាងបីខែ។ ដ្បិតស្នាដៃនោះត្រូវបាន ក្រសួងវប្បធម៌បញ្ជាក់ថា កើតឡើងបន្ទាប់ពីស្នាដៃទី១ «កេបកេបកូនល្អ» ត្រូវបានបង្កើត និងកែសម្រួលឱ្យត្រូវទៅតាមក្បួនខ្នាតដើម បើគិតចាប់តាំងពីថ្ងៃ៧មករា ឆ្នាំ១៩៧៩មក៕





