មន្ទីរវប្បធម៌ខេត្តកំពង់ធំ ចុះដុះក្អែលអាជីវករឃុំសំបូរលក់អាវយឺត រំលេចពាក្យមិនសមរម្យ ប៉ះពាល់ដល់សីលធម៌សង្គម
S
Soriya Sou
មួយម៉ោងមុន

ក្រុងស្ទឹងសែន៖ មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានចុះទៅអប់រំណែនាំដល់អាជីវករមួយចំនួន នៅភូមិសំរិទ្ធ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលបានដាក់តាំងលក់អាវយឺត មានរំលេចខ្លឹមសារមិនសមរម្យ…។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមការណែនាំពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ទាប់ពីពិនិត្យឃើញមានអាជីវករ បានដាក់តាំងលក់អាវយឺតដែលរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ជាទង្វើអសីលធម៌នៅក្នុងសង្គម។ បន្ទាប់ពីបានណែនាំរួចរាល់ មន្រ្តីនៃមន្ទីរវប្បធម៌ បានឱ្យអាជីវកធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសម្លៀកបំពាក់ ដែលមានរំលេចនូវខ្លឹមសារមិនសមរម្យទាំងនេះបន្តទៀត ព្រោះមិនត្រឹមតែប៉ះពាល់សង្គមធ្ងន់ធ្ងរទេ តែក៏ជាគម្រូមិនល្អសម្រាប់កុមារផងដែរ។

ភ្លាមៗ ក្រុមអាជីវករបានសន្យាថា នឹងឈប់លក់បន្តទៀត និងបានសន្យាចូលរួមសហការទប់ស្កាត់ជាមួយអាជ្ញាធរស្រុកប្រាសាទសំបូរ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងជួយផ្សព្វផ្សាយពីបម្រាមនេះ ដល់អាជីវករផ្សេងៗទៀតនៅមូលដ្ឋានផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត