ក្រសួងវប្បធម៌៖ ១៤កុម្ភៈ គួរជាឱកាសចែកអំណោយដល់កុមារកំព្រា និងជនពិការ
អុន សម្ផស្ស
11 កុម្ភៈ 2025 04:00 AM

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានក្រើនរំឭកដល់យុវជន ឱ្យប្រើប្រាស់«ទិវានៃក្ដីស្រឡាញ់» ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ។ ក្រសួងវប្បធម៌ ចង់ឱ្យទិវានេះ ក្លាយជាឱកាសចែករំលែកក្ដីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ជាពិសេសចំពោះក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ដូចជាកុមារកំព្រា និងជនពិការ...។

ប្រភព៖ ទិវាផ្តល់ក្តីស្រឡាញ់ចំពោះកុមារ
ប្រភព៖ ទិវាផ្តល់ក្តីស្រឡាញ់ចំពោះកុមារ

ក្នុងគោលដៅបញ្ចៀសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សីលធម៌ កិត្តិយស និងសេចក្ដីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក្រសួងវប្បធម៌យល់ថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន។ អ្នកទាំងនោះរួមមាន៖«ក្រុមគ្រួសារ ឪពុកម្តាយ ប្ដី ប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្ដីសោមនស្សនិងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ»

ប្រភព៖ ទិវាផ្តល់ក្តីស្រឡាញ់ចំពោះកុមារ
ប្រភព៖ ទិវាផ្តល់ក្តីស្រឡាញ់ចំពោះកុមារ

បើតាមក្រសួង ថ្ងៃទី១៤កុម្ភៈត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្ដីស្រឡាញ់បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះបានស្តែងឡើងតាមរយៈសកម្មភាពនានា ដោយឈរលើមនោសញ្ចេតនា។ ក្រៅពីការពន្យល់នោះ ក្រសួង អំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសយុវជន ត្រូវចូលរួមផ្សព្វផ្សាយ ណែនាំ ក្រើនរំឭកដល់ បងប្អូន កូនចៅ ក្នុងគោលដៅ ប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សាការពារ៕

ប្រភព៖ ទិវាផ្តល់ក្តីស្រឡាញ់ចំពោះកុមារ
ប្រភព៖ ទិវាផ្តល់ក្តីស្រឡាញ់ចំពោះកុមារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត