រក្សាប្រសិទ្ធភាពបទឈប់បា.ញ់តាមព្រំដែនដែលថៃឈ្លានពាន [កម្ពុជា-ហ្វីលីពីន] ប្តេជ្ញាពង្រឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន
អុន សម្ផស្ស
មួយថ្ងៃមុន

រាជធានីភ្នំពេញ៖ កម្ពុជា និងហ្វីលីពីន ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេស ការបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ឱ្យមានប្រសិទ្ធភាព...។

លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស និង លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន
លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស និង លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាង លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស អនុប្រធានអធិការកិច្ចនៃកងទ័ពហ្វីលីពីន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កំលុងពេលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងក្រសួងការពារជាតិហ្វីលីពីន ដែលបានចាត់តាំងកម្លាំងអ្នកសង្កេតការណ៍អាស៊ាន មកប្រចាំការនៅកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ និងតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ លោកអគ្គមេបញ្ជាការ ក៏បានជម្រាបគណៈប្រតិភូហ្វីលីពីន អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យគណៈប្រតិភូបានយល់ដឹង និងក្តាប់បានពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។

ក្រោយពីបានទទួលព័ត៌មាន និងក្តាប់បានពីស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស បានបញ្ជាក់អំពីការបន្តតាមដានការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងពង្រឹងប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់កម្លាំង AOT។ លោកបានបញ្ជាក់ថា ការបន្តពង្រឹងការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងរួមចំណែកកាត់បន្ថយភាពតានតឹង ព្រមទាំងរក្សាឱ្យបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត