
រាជធានីភ្នំពេញ៖ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន ការផ្លាស់ប្ដូរបទពិសោធ និងកិច្ចប្រជុំទ្វេភាគីនានា មេទ័ពជើងគោកកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីនបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែរឹងមាំ..។

ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាជាមួយលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកវរនាវីឯក លីអូ ស៊ី-ឌីម៉ុក (Leo C. Dimoc) អនុព័ន្ធយោធាហ្វីលីពីន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងកងទ័ពជើងគោកកម្ពុជា ដែលផ្តល់កិច្ចសហការ ការគាំទ្រ និងភាពកក់ក្ដៅពេញមួយអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជា។ ជាមួយគ្នា លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត នាពេលអនាគត។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់លោកវរនាវីឯក លីអូ ស៊ី-ឌីម៉ុក ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន ការផ្លាស់ប្ដូរបទពិសោធ និងកិច្ចប្រជុំទ្វេភាគីនានា។ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថ្លែងបន្តវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហការរបស់កងទ័ពជើងគោកហ្វីលីពីន ជាពិសេស ការបញ្ជូនក្រុមគ្រូបង្គោលមកកាន់កម្ពុជា និងការចែករំលែកបទពិសោធវិជ្ជាជីវៈក្នុងវិស័យផ្សេងៗ។

ជាមួយគ្នា លោកមេទ័ពជើងគោកថ្លែងអំណរគុណដល់សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងប្រធាន AOT នៅឆ្នាំនេះ សម្រាប់ការជំរុញសាមគ្គីភាពអាស៊ាន ការលើកកម្ពស់កិច្ចសន្ទនា និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕



