ពង្រឹងខឿនការពារជាតិ! លោកមេទ័ព វង្ស ពិសេន បើកសិក្ខាសាលាកំណត់បញ្ហាប្រឈម
អុន សម្ផស្ស
24 សីហា 2026 12:30 PM

រាជធានីភ្នំពេញ៖ ជាការរួមចំណែកពង្រឹង«ខឿនការពារជាតិ» ឱ្យកាន់តែរឹងមាំ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រកាសបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦..។  

មានប្រសាសន៍នាឱកាសនោះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ ចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នា លោកលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញការធ្វើកំណែម្រង់ និងទំនើបកម្មកងយោធពលខេមរភូមិន្ទ។ លោកមេទ័ព វាយតម្លៃខ្ពស់ ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងបានអំពាវនាវឱ្យបន្តសហការយ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។ 

ទន្ទឹមគ្នានេះ លោកអគ្គមេបញ្ជាការ ណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនង រវាងសមរភូមិមុខ និងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ ព្រមទាំងជំរុញការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការបណ្ដុះបណ្ដាលជំនាញ និងការលើកកម្ពស់ជីវភាពកងទ័ព។ លោកនាយឧត្តមសេនីយ៍ សង្កត់ធ្ងន់លើការប្រើប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីរួមចំណែកដល់ការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពបទបញ្ជា បន្តបំពេញភារកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ សិក្ខាសាលានេះ ក៏បានកំណត់បញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្តមួយចំនួន ដើម្បីធ្វើឱ្យការងារសម្ព័ន្ធមេត្រីភាពកាន់តែមានប្រសិទ្ធភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត