
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២៣ (ACDFM-23) តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា អះអាងជាថ្មី ពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង..។

ក្រោមប្រធានបទ«ធានាអនាគតរបស់យើងរួមគ្នា»កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ ឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នា លើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប ត្រូវបានដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មេទ័ពកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហាន មកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់(AOT)នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបញ្ជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង។

ជាមួយគ្នា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីធានាឱ្យមានការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ បន្ថែមលើនេះ លោក វង្ស ពិសេន បានអះអាងជាថ្មី ពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន បានថ្លែងកោតសរសើរម៉ាឡេស៊ី និងបានទទួលស្គាល់ការគ្រប់គ្រងរបស់ម៉ាឡេស៊ី លើក្រុមអ្នកសង្កេតការណ៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រយន្តការត្រួតពិនិត្យបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោក រ៉ូមេអូ ប្រាវនើ ចេអរ គូសរំលេចថា៖«ប្រទេសហ្វីលីពីនទទួលយកការទទួលខុសត្រូវនេះ ហើយយល់ដឹងយ៉ាងច្បាស់ថា ការសន្ទនា ការកសាងទំនុកចិត្ត ត្រូវតែពង្រឹងជាបន្តបន្ទាប់ ហើយសន្តិភាពត្រូវតែការពារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា»។

ក្នុងន័យនេះ លោកនាយសេនាធិការកងទ័ពហ្វីលីពីន បន្ថែមថា កត្តាសន្តិភាព ស្ថិរភាព និងភាពធន់នៅក្នុងតំបន់អាចរក្សាបានតែតាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះ។ កិច្ចប្រជុំនេះ ក៏បានបើកផ្លូវឱ្យអគ្គមេបញ្ជាការកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ធ្វើការផ្លាស់ប្ដូររទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខ ដែលជាក្ដីកង្វល់រួម ដូចជា បញ្ហាសន្តិសុខដែនសមុទ្ទ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ៕





