មេបញ្ជាការយោធាកម្ពុជា ជំរុញយោធិនប្រកាន់គោលជំហរស្មោះត្រង់ និងហ៊ានធ្វើពលិកម្មដើម្បីជាតិ
អុន សម្ផស្ស
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យយោធិនគ្រប់រូប លុបបំបាត់ភាពអសកម្ម ប្រាសចាកបទវិន័យ និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គោលជំហរស្មោះត្រង់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ..។ 

តាមរយៈពិធីផ្សព្វផ្សាយណែនាំការប្រើប្រាស់ស្លាកសញ្ញាយោធាដល់ថ្នាក់ដឹកនាំ នាយទាហាន ជុំវិញស្ថាប័នអគ្គបញ្ជាការ នៅថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៦ នេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការហ្វឹកហ្វឺន ក្រុមការងារ ព្រមទាំងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងចូលរួមរៀបចំចងក្រងសៀវភៅ «សញ្ញាសម្គាល់យោធា» រហូតសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លា។ 

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានផ្តាំផ្ញើបណ្ដាប្រភេទទ័ព ទ័ពជំនាញ និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងផ្សព្វផ្សាយសៀវភៅ «សញ្ញាសម្គាល់យោធា» ឱ្យបានដល់យោធិនជំនាញ ដើម្បីការប្រើប្រាស់សញ្ញាសម្គាល់យោធា បានត្រឹមត្រូវច្បាស់លាស់ទាំងរូបភាព ពណ៌ អក្សរ និងលេខសញ្ញា សមស្របទៅនឹងទំហំខ្នាតដែលបានកំណត់។ ក្នុងន័យនេះ លោក វង្ស ពិសេន សង្កត់ធ្ងន់ថា៖«យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ គោលជំហរស្មោះត្រង់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ លុបបំបាត់ឱ្យអស់នូវភាពអសកម្មទាំងហ្លាយណាដែលប្រាសចាកពីក្រឹត្យច្បាប់ បទវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ»។ 

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន 
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន 

គួរជ្រាបថា ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះមុខរបស់កងទ័ព ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ធានាឱ្យយោធិនគ្រប់ថ្នាក់ គ្រប់កងឯកភាពមានការយល់ដឹងជា«ធ្លុងមួយ»ក្នុងការប្រើប្រាស់សញ្ញាសម្គាល់យោធា ទើបអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានរៀបចំផ្សព្វផ្សាយឯកសារសញ្ញាសម្គាល់យោធានេះឡើង នៅអគ្គបញ្ជាការដ្ឋាន៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត