ទីក្រុងកម្សាន្ដប៉ាតាយ៉ា ក្រៅពីអំពើលួចលុយភ្ញៀវដ៏សកម្ម ករណីប្ល.ន់ភ្ញៀវទេសចរបរទេសដោយប្រើអាវុធក៏សាហាវមិនធម្មតាដែរ
S
Sinuon Nop
មួយថ្ងៃមុន

រាជធានីបាងកក៖ សេចក្ដីរាយការណ៍ពីបណ្ដាញផ្សព្វផ្សាយជាច្រើន នៅក្នុងប្រទេសថៃ បានរាយការណ៍ជាបន្ដបន្ទាប់ អំពីសកម្មភាពរបស់ក្រុមចោរជាជនជាតិថៃ ដែលតែងវាយប្រហារទៅលើភ្ញៀវបរទេសជាញឹកញាប់ ដើម្បីប្លន់យកទ្រព្យសម្បត្ដិ អំឡុងពេលពួកគេទៅកម្សាន្តនៅប៉ាតាយ៉ា ដែលជាទីក្រុងស្របតាមឆ្នេរសមុទ្ទ នាភាគខាងកើត ប្រទេសថៃ...។

ប្រព័ន្ធផ្សព្វផ្សាយថៃ ថ្ងៃអង្គារទី១៥ ខែកញ្ញានេះ បានចុះផ្សាយពីបុរសជនជាតិព្រីតថេនស៍ វ័យ៤៥ឆ្នាំម្នាក់ រងការចាក់ប្រហារដោយកូនកាំបិតពីបុរសជនជាតិថៃ២នាក់ ដែលជិះម៉ូតូមួយគ្រឿង ប៉ុនប៉ងប្លន់យកទូរសព្ទដៃរបស់លោក កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ បណ្ដាលឱ្យបុរសរូបនេះរងរបួស នៅត្រង់សៀតផ្កាខាងឆ្វេង និងត្រចៀក។ លុះដល់វេលាម៉ោង១:៣៦នាទីរំលងអធ្រាត្រ ទើបក្រុមអ្នកជួយសង្គ្រោះ ទទួលបានព័ត៌មាន អំពីហេតុការណ៍វាយប្រហារនេះ នៅត្រង់ចំណុចផ្លូវចូលសយចមធៀន ១៥ (ซอยจอมเทียน 15) ស្ថិតក្នុងតំបន់ណងព្រឺ (หนองปรือ) ស្រុកបាងលៈមុង (บางละมุง) ខេត្តជលបុរី (ชลบุรี)។ បន្ទាប់មក ក្រុមអ្នកជួយសង្គ្រោះ បានសង្គ្រោះបឋមដល់ជនរងគ្រោះ នៅមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សេចក្ដីរាយការណ៍ស្រដៀងគ្នានេះ ក៏បានរាយការណ៍ផងដែរថា មានជនជាតិថៃមួយក្រុម មានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿង ដេញតាមវាយប្រហារទៅលើភ្ញៀវទេសចរជាជនជាតិរុស្ស៊ីម្នាក់ ហើយបានទាត់ចំមុខបុរសនោះ នៅមុនពេលពួកគេឆក់កាបូបរបស់ភ្ញៀវទេសចររូបនោះបានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់ កាលពីវេលាម៉ោង១ៈ២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទទី១៤ ខែកញ្ញា នៅតាមបណ្តោផ្លូវសយ៩ តាប់ប្រៈយ៉ា (ซอย 9 ทัพพระยา) ស្ថិតក្នុងទីក្រុងប៉ាតាយ៉ា។ ជនរងគ្រោះ ត្រូវបានក្រុមអ្នកជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈក្រុមមន្រ្ដីប៉ូលិសបាននិងកំពុងស៊ើបអង្កេត ស្រាវជ្រាវ តាមវីដេអូពីកាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះ។

ជាមួយគ្នា មានភ្ញៀវទេសចរជនជាតិឥណ្ឌា៥នាក់ បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសទីក្រុងប៉ាតាយ៉ា ដោយអះអាងថា មានស្ត្រីជនជាតិថៃ៥នាក់ បន្លំលួចលុយរបស់ពួកគេ សរុប២៤០០០បាត ឬប្រហែលជាង៧២០ដុល្លារអាម៉េរិក បន្ទាប់ពីស្ត្រីជនជាតិថៃទាំងនោះ នាំពួកគេទៅឡើងឋានសួគ៌នៅសណ្ឋាគារលំដាប់ផ្កាយ៥មួយកន្លែង ស្ថិតនៅតំបន់ភាគខាងជើងនៃទីក្រុង។ ជនជាតិឥណ្ឌាទាំងនោះ ប្រាប់ប៉ូលិសថា ពួកគេបានជួបស្ត្រីជនជាតិថៃទាំង៥នាក់ នៅតាមឆ្នេរកម្សាន្ដ កាលពីយប់ថ្ងៃអាទិត្យទី១៣ ខែកញ្ញា ហើយក៏បាននិយាយតថ្លៃត្រូវរ៉ូវគ្នា អំពីសេវាកម្មនៃការរួមភេទ។ លុះបន្ដិចក្រោយមក ស្រាប់តែស្ត្រីជនជាតិថៃទាំងនោះ បន្លំលួចលុយរបស់ពួកគេអស់សរុប ២៤០០០បាត ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត