ឧក្រិដ្ឋជនបំបែកទីតាំងស្កេមជាគោលដៅតូចៗ បំភ័ន្តភ្នែកសមត្ថកិច្ចតែមិនគេចផុត ត្រឹម១ខែសីហា អាជ្ញាធរក្រសោបបានមនុស្សជាង១ពាន់នាក់
ហាក់ អ៊ីឌី
មួយថ្ងៃមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលមួយខែសីហា សមត្ថកិច្ចក្រសួងមហាផ្ទៃ បាននិងកំពុងបន្តបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬOnline Scams ដែលនៅសេសសល់ពីការបង្ក្រាបដ៏ក្ដៅគគុកនាពេលកន្លងមក ហើយពួកគេបានលួចលាក់បើកប្រតិបត្តិការនៅតាមបណ្តារាជធានី-ខេត្ត ដោយបានឃាត់ខ្លួនមនុស្សសរុបជាង១០០០នាក់ រួមទាំងរឹបអូសសម្ភារបទល្មើសបានមួយចំនួនធំ...។

ផ្អែកតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន១២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ។ ជាមួយគ្នាផងដែរ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ អ្នកគ្រប់គ្រងទីតាំង ដែលបានផ្តល់ឱ្យឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសនៅលើទីតាំងរបស់ខ្លួន ផ្ទុយនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២ ២៤០ ០០០រៀល(៨២២លាន២សែន៤ម៉ឺនរៀល)ផងដែរ។

សូមជម្រាបថា ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់ សរុបចំនួន២០០៥នាក់ ស្រី៣២០នាក់ មាន៣២សញ្ជាតិ ក្នុងនោះ ពាក់ព័ន្ធនឹងបទល្មើសអនឡាញស្កេម មាន៥៧៤នាក់។  ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន ក្នុងគ្រាដែលកម្លាំងសមត្ថកិច្ច បាននិងកំពុងប្រើកណ្ដាប់ដៃដែកវាយកម្ទេច និងបោសសម្អាតបទល្មើសដ៏ស្មោគគ្រោកមួយនេះ ដោយមិនដកដៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត