
រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីដ្បិតសហរដ្ឋអាម៉េរិក ជាប្រទេសនាំចេញគ្រឿងសព្វាវុធធំជាងគេបំផុត រហូតដល់៤២ភាគរយនៃការផ្គត់ផ្គង់គ្រឿងសឹករបស់ពិភពលោកយ៉ាងណាក្ដី តែសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានធ្វើប្រទេសមហាអំណាចកំពូលទាំងសេដ្ឋកិច្ច និងយោធាមួយនេះ ខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ទាំងគ្រាប់រំសេវ ធនធានយោធា និងចារកម្មសហរដ្ឋអាម៉េរិក នៅតំបន់មជ្ឈិមបូព៌ា...។

សារព័ត៌មានអ៊ីស្រាអែល The Jerusalem Post បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះ ដោយដកស្រង់សេចក្ដីរាយការណ៍ពីទូរទស្សន៍អាម៉េរិក NBC News ថា អគ្គអធិការកិច្ចនៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ បានបញ្ជាក់នៅក្នុងរបាយការណ៍ជាលើកដំបូងរបស់ខ្លួន អំពីជម្លោះជាមួយអ៊ីរ៉ង់ថា សង្គ្រាម រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបង្កឱ្យមានការខ្វះខាតគ្រាប់រំសេវ និងបញ្ហារាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់មន្ទីរបញ្ចកោណ។ របាយការណ៍នោះ បានលើកឡើងទៀតថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាម៉េរិក ចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ប្រហែល៣៣,៤ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះ ថវិកាចំនួន២២,៣ពាន់លានដុល្លារ សម្រាប់ចំណាយលើគ្រាប់រំសេវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាម, ថវិកាចំនួន៣,៧ពាន់លានដុល្លារសម្រាប់ការបាត់បង់ ឬខូចខាតសម្ភារបរិក្ខារយោធា និងថវិកាចំនួន៧,៤ ពាន់លានដុល្លារ សម្រាប់ការចំណាយផ្សេងៗទៀត។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនោះ បន្ថែមថា ការគណនាទាំងនេះ មិនរាប់បញ្ចូលដល់ការចំណាយលើការជួសជុលមូលដ្ឋានកងទ័ពសហរដ្ឋអាម៉េរិក ដែលបានរងការខូចខាតនៅក្នុងតំបន់ ការជំនួសយន្តហោះ និងការបំពេញបន្ថែមនូវឃ្លាំងស្តុកអាវុធសំខាន់ៗ។ បច្ចុប្បន្ន ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បាននិងកំពុង«ខិតខំសម្របសម្រួលនីតិវិធីនៃលទ្ធកម្ម និងកាត់បន្ថយរយៈពេលផលិត សម្រាប់បំពេញឃ្លាំងស្តុកទុកសម្ភារសំខាន់ៗ គ្រឿងបន្លាស់ និងគ្រាប់រំសេវមួយចំនួន ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានភាពបន្ទាន់ ឬវិបត្តិណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ» ចំពេលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែងបំពេញបន្ថែមនៅក្នុងឃ្លាំងស្តុកគ្រឿងសព្វាវុធឡើងវិញ។

ទោះមានសេចក្ដីរាយការណ៍បែបនេះយ៉ាងណាក៏ដោយ ទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្រ្ដីក្រសួងសង្គ្រាម លោក ភីត ហេគសេត (Pete Hegseth) បានបដិសេធព័ត៌មានទាំងនោះ។ ទន្ទឹមគ្នា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិក កំពុងបង្កើនការ«ផលិតគ្រឿងសព្វាវុធទំនើបៗ និងមានគុណភាពខ្ពស់បំផុត ច្រើនជាងពេលណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក»៕




