
រដ្ឋធានីសេអ៊ូល៖ កងទ័ពកូរ៉េខាងជើង បានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្រុះ ដោយមានទាំងការបាញ់បង្ហោះសាកល្បងដ្រូន មីស៊ីលគ្រូសតាក់ទិក មីស៊ីលបាល្លិស្ទីកយុទ្ធសាស្រ្ដ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះធុនធ្ងន់ ហើយគ្រឿងសព្វាវុធទាំងនោះ សុទ្ធតែមានសមត្ថភាពវាយប្រហារទៅដល់គោលដៅនានា នៃប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅតំបន់អាស៊ីបូព៌ា។

សារព័ត៌មានចិនហុងកុង South China Morning Post បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា កូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃចន្ទ អំពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្រុះ ដោយមានការចូលរួមពីកងមីស៊ីល កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាមួយនឹងការអះអាងបញ្ជាក់ពីការធ្វើសមយុទ្ធនេះ ដែលបានបង្ហាញអំពី«អានុភាពបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាបំផុត»នៃគ្រឿងសព្វាវុធរបស់កងទ័ពកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា សមយុទ្ធកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន មានគោលបំណងឈ្វេងយល់អំពីយុទ្ធសាស្រ្ដ នៃប្រតិបត្តិកាប្រព័ន្ធគ្រប់គ្រងរបស់កងកម្លាំងបាញ់ចម្រុះ។ ប៉ុន្ដែមុននេះ កងទ័ពកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានរកឃើញការបាញ់សាកល្បងមីស៊ីលបាល្លិស្ទីក (Ballistic) រយៈចម្ងាយខ្លី ចេញពីតំបន់ឆ្នេរសមុទ្ទ នាភាគខាងកើត ទីក្រុងវ៉ុនសាន (Wonsan) នៃប្រទេសកូរ៉េខាងជើង កាលពីព្រឹកថ្ងៃសៅរ៍។

បើតាម KCNA ក្រោយការអង្កេតអំពីការធ្វើសមយុទ្ធនេះរួចមក លោកនាយឧត្តមសេនីយ៍ ប៉ាក់ ជុង-ឈុន (Pak Jong-chon) អនុប្រធានគណៈកម្មការយោធាមជ្ឈិម នៃបក្សពលករកូរ៉េ ថ្លែងថា៖ សមយុទ្ធនេះ នឹងបង្កើនកម្រិតជំនាញឯកទេស ដើម្បីកម្ទេចកងកម្លាំងប្រដាប់អាវុធរបស់សត្រូវ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំ បន្ទាប់ពីទទួលបានបទបញ្ជា។ ប្រព័ន្ធអាវុធ ដែលត្រូវបានដាក់ពង្រាយ បង្ហាញឱ្យឃើញពី«អានុភាពបំផ្លិចបំផ្លាញដ៏មហិមា នៅក្នុងការបាញ់ប្រហាររួមគ្នា»។ ទីភ្នាក់ងារ KCNA បន្ដថា«សមយុទ្ធវាយប្រហារដោយកម្លាំងចម្រុះ»នេះ មានការចូលរួមពីអង្គភាព នៃកងទ័ពចំនួន៥ និងបានធ្វើតេស្តសាកល្បងលើប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន៖ យន្តហោះគ្មានមនុស្សបើកប្រភេទវាយប្រហារ, មីស៊ីលគ្រូសតាក់ទិក (Tactical Cruise Missiles,), មីស៊ីលបាល្លិស្ទីកតាក់ទិក (Tactical Ballistic Missiles) និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ។

ដោយឡែក នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា គ្រាប់មីស៊ីលជាច្រើន ដែលបានបាញ់កាលពីថ្ងៃសៅរ៍ គឺគ្រាប់នីមួយៗ បានហោះនៅក្នុងចម្ងាយប្រហែល២៥០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ដែនទឹក នាភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ ចម្ងាយហោះហើរ នៃគ្រាប់មីស៊ីលទាំងនោះ កំពុងបង្ហាញសញ្ញាយ៉ាងច្បាស់ថា អាវុធទាំងនោះ ត្រូវបានរចនាឡើង សម្រាប់វាយប្រហារទៅលើគោលដៅនានា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធបាញ់មីស៊ីលទាំងនេះ ត្រូវបានគេកត់សម្គាល់ ជាការបាញ់មីស៊ីលបាល្លិស្ទីក ជាសាធារណៈលើកដំបូងរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលប្រហែល៣សប្តាហ៍កន្លងមកនេះ៕




