
បច្ចេកវិទ្យាយោធា៖ រងើកភ្លើងសង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា និងបទពិសោធនៃការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក ជាពិសេស ការប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនវាយប្រហារ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការប្រែប្រួលយ៉ាងលឿននៃបច្ចេកវិទ្យាយោធាអាកាស។ ការពង្រឹងសមត្ថភាពការពារដែនអាកាស បានក្លាយជាកិច្ចការយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់កម្ពុជា។ យ៉ាងណា មហាអំណាចពិភពលោកបច្ចុប្បន្នកំពុងធ្លាក់ចូលក្នុងវិបត្តិខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់យ៉ាងធ្ងន់ធ្ងរ ខណៈស្តុកប្រព័ន្ធការពារដែនអាកាស Patriot ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក កំពុងស្រកចុះស្រឺតៗជាលំដាប់ ចំពេលប្រព័ន្ធមីស៊ីល Akash របស់ឥណ្ឌាកំពុងលេចធ្លោ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាច្រើន។

មានសំណួរចោទសួរថា តើប្រព័ន្ធមីស៊ីលមួយណាជាជម្រើសដ៏សក្តិសមបំផុតសម្រាប់កម្ពុជា រវាងស្តេចការពារដែនអាកាសទាំងពីរខាងលើនេះ? ដំបូង យើងនឹងរៀបរាប់អំពីប្រព័ន្ធមីស៊ីលការពារអាកាស Patriot។ Patriot គឺជាប្រព័ន្ធមីស៊ីលពីដីទៅអាកាសកម្រិតកំពូល ផលិតដោយក្រុមហ៊ុន Raytheon និង Lockheed Martin មានសមត្ថភាពស្ទាក់ចាប់បានទាំងមីស៊ីលបាលីស្ទីក មីស៊ីលតម្រង់ទិស យន្តហោះចម្បាំង និងដ្រូន ដោយប្រើប្រព័ន្ធរ៉ាដាអាចតាមដានគោលដៅបាន១០០ ក្នុងពេលតែមួយ។ វាត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅអ៊ុយក្រែន ដើម្បីទប់ទល់នឹងមីស៊ីលលឿនជាងសំឡេង និងមីស៊ីលបាលីស្ទីករបស់រុស្ស៊ី។ ទន្ទឹមគ្នា នៅចន្លោះពីខែកុម្ភៈ ដល់ខែកក្កដា ក្នុងសមរភូមិភ្លើងជម្លោះអ៊ីរ៉ង់ ស្តុកគ្រាប់មីស៊ីល Patriot របស់សហរដ្ឋអាម៉េរិក ត្រូវបានប្រើប្រាស់អស់ប្រមាណ៦៥ភាគរយ ដោយបន្សល់ទុកតិចជាង៨៥០គ្រាប់ប៉ុណ្ណោះ ធ្វើឱ្យការផ្គត់ផ្គង់មានភាពចង្អៀតណែន។ សូមជម្រាបថា ប្រព័ន្ធការពារដែនអាកាសថ្មីមួយឈុតនេះ មានតម្លៃប្រហែល១ពាន់លានដុល្លារ ដោយ៤០០លានដុល្លារសម្រាប់ប្រព័ន្ធ និង៦៩០លានដុល្លារសម្រាប់គ្រាប់មីស៊ីល ហើយគ្រាប់មីស៊ីលមួយគ្រាប់ៗមានតម្លៃចន្លោះពី៤ទៅ៥លានដុល្លារអាម៉េរិកឯណោះ។

ដោយឡែក យើងងាកទៅមើលប្រព័ន្ធមីស៊ីលការពារដែនអាកាសមួយប្រភេទទៀតដែលកំពុងល្បីល្បាញផងដែរ នោះគឺ..ប្រព័ន្ធមីស៊ីល Akash របស់ប្រទេសឥណ្ឌា។ Akash គឺជាប្រព័ន្ធមីស៊ីលពិដីទៅអាកាសចម្ងាយមធ្យម ដែលអភិវឌ្ឍដោយអង្គការ DRDO និងផលិតដោយក្រុមហ៊ុនក្នុងស្រុក Bharat Electronics Limited និង Bharat Dynamics Limited ដោយមានសមាសធាតុផលិតក្នុងស្រុករហូតដល់ទៅ៩៦ភាគរយ។ Akash ត្រូវបានធ្វើទំនើបកម្មចេញពីប្រព័ន្ធមីស៊ីល Akash-1S។ វាអាចបាញ់បានចម្ងាយពី២៥ទៅ៤៥គីឡូម៉ែត្រ រួចហោះទៅកម្ទេចខ្មាំងសត្រូវបានក្នុងរយៈកម្ពស់រហូតដល់១៨ ទៅ២០គីឡូម៉ែត្រ។ វាអាចហោះជ្រែកអាកាសាចូលទៅស្ទាក់ចាប់យន្តហោះចម្បាំង ដ្រូន មីស៊ីលតម្រង់ទិស និងអាវុធវាយប្រហារផ្សេងៗរបស់ខ្មាំងសត្រូវជាចំណី។

ប្រព័ន្ធនេះ អាចតាមដានគោលដៅបាន៦៤គោលដៅ ក្នុងពេលតែមួយ។ ប្រព័ន្ធ Akas បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងប្រតិបត្តិការ Operation Sindoor ដោយបានបាញ់ទម្លាក់ហ្វូងដ្រូន និងមីស៊ីល បានយ៉ាងជោគជ័យ ព្រមទាំងមានសមត្ថភាពចល័តទីតាំងលឿនគេចពីការវាយបកពីសំណាក់ប៉ាគីស្ថាន។ ប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ ត្រូវបានអាមេនី បញ្ជាទិញចំនួន១៥គ្រឿង ក្នុងកិច្ចសន្យាតម្លៃប្រហែល ៧២០លានដុល្លារ។ ចំណែកឯ ហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងចុះកិច្ចសន្យាទិញក្នុងតម្លៃប្រហែល២០០លានដុល្លារក្នុងឆ្នាំ២០២៦នេះតែម្ដង។ រីឯប្រទេសផ្សេងៗទៀតមានដូចជា ប្រទេសវៀតណាម អេហ្ស៊ីប និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិក និងមជ្ឈិមបូព៌ា ក៏កំពុងចាប់អារម្មណ៍ទិញប្រព័ន្ធមីស៊ីលមួយនេះផងដែរ។

ថ្វីបើប្រព័ន្ធមីស៊ីល Patriot ជាស្ដេចត្រាញ់បច្ចេកវិទ្យាកំពូលក៏ដោយ ប៉ុន្តែវាថ្លៃពេកសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច និងថវិកាការពារជាតិមានកម្រិតដូចកម្ពុជា។ ផ្ទុយទៅវិញ ប្រព័ន្ធមីស៊ីល Akash របស់ឥណ្ឌា គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់កងទ័ពកម្ពុជាប្រើប្រាស់ទប់ចោរខ្មាំងឈ្លានពាន ដោយសារសមត្ថភាពស្ទាក់ចាប់យន្តហោះចម្បាំង និងហ្វូងដ្រូនទំនើបៗ មានតម្លៃធូរថ្លៃសមស្របទៅនឹងទំហំថវិកាជាតិ។ ជាពិសេសនោះ គឺថា កម្ពុជា និងឥណ្ឌា ក៏មានទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ ដែលងាយស្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការទិញដូរគ្រឿងបន្លាស់នាពេលអនាគតផងដែរ។ យ៉ាងណា ក្ដីសង្ឃឹមនេះ វាហាក់នៅឆ្ងាយណាស់ ព្រោះអាវុធទាំងពីរប្រភេទនេះ មានតម្លៃថ្លៃ និងម្យ៉ាងទៀត ការប្រើប្រាស់ដ្រូនវាយប្រហារគូសត្រូវនៅក្បែរក្លៀក អាចជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់មេទ័ពកម្ពុជាផង ក៏ថាបាន...៕



