
បទបរិយាយ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កាពីតែនបញ្ជាចង្កូតនាវាកម្ពុជា ត្រូវបានផ្លាស់ប្ដូរ! ប្តូរពីអតីតបុរសខ្លាំងដែលមានសម្រែកដូចរាជសីហ៍ សម្តេចតេជោ ហ៊ុន សែន មកកាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេនដ៏មានសក្តានុពលរបស់បក្សកាន់អំណាច។ ការផ្លាស់ប្ដូរនេះ មិនត្រឹមតែជាការផ្លាស់ប្ដូរតួអង្គដឹកនាំគោលនយោបាយជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នករែកពន់ជោគវាសនានាវាកម្ពុជា ក្នុងទំព័រសករាជថ្មី ដែលតម្រូវឱ្យថ្នាក់ដឹកនាំជំនាន់ថ្មី បោះជំហានចូលទៅក្នុងសមរភូមិដ៏ស្មុគស្មាញ ខណៈដែលពិភពលោកបច្ចុប្បន្ន ជួបប្រទះនឹងភាពមិនប្រាកដប្រជានៃការគ្រប់គ្រងភូមិសាស្ត្រសកល។ រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ នាវាដ៏កម្សត់របស់កម្ពុជា ត្រូវបានរសាត់ឆ្លងកាត់រលកធំៗ និងព្យុះភ្លៀងបោកបក់ខ្លាំង ជាពិសេស ការឈ្លានពានរបស់ប្រទេសក្បែរខាង...។

ការចាប់ផ្តើមជំហានដំបូងក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត មានសម្ពាយលើស្មាមួយជាបន្ទុកដ៏ធំ ដែលត្រូវតែរែកពន់ជាប់ជាមួយរហូតនោះ គឺការរក្សាឱ្យបាននូវ «សន្តិភាព» និងស្ថិរភាពសង្គម ដែលបានបន្សល់ទុកពីជំនាន់ សម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំប្រឹងប្រែងកសាងយ៉ាងរឹងមាំអស់រយៈពេលជាង៤ទសវត្សរ៍។ គេនៅចាំបានថា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុង និងបង្កើតបាននូវការឯកភាពជាតិ បូរណភាពទឹកដី គ្មានជម្លោះប្រដាប់អាវុធ និងការរក្សាបាននូវសន្តិសុខផ្ទៃក្នុង ធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការភ័យខ្លាច។ ពាក្យ៣ម៉ាត់ [នយោបាយឈ្នះ-ឈ្នះ] បានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា សម័យទំនើប។ ថ្វីបើមានគោលដៅរួម ជាមួយរជ្ជកាលដឹកនាំដោយលោកឪពុកក្ដី ប៉ុន្តែ សម្តេចធិបតី បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ បានយ៉ាងល្អ តាមបែបសម័យបច្ចេកវិទ្យាឌីជីថលនីយកម្មទំនើប។

សម័យបច្ចេកវិទ្យាឌីជីថលនីយកម្មទំនើប ទាមទារឱ្យមន្ត្រីជំនាញ និងក្រុមបញ្ញវន្ត ទាញដងប៉ាការសរសេរអំពី«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីធ្វើវិសោធនកម្ម និងកំណែទម្រង់រដ្ឋបាលសាធារណៈ លើកកម្ពស់ធនធានមនុស្ស កម្ចាត់អំពើពុករលួយ និងបង្រ្កាបអភិបាលកិច្ចធូររលុង ក្នុងគោលបំណងបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយជំនាន់ថ្មី និងជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជាតិ ក្នុងសម័យកាលឌីជីថលនីយកម្ម នាពេលបច្ចុប្បន្ន។ ដឹកនាំប្រទេសបានមិនដល់មួយឆ្នាំស្រួលបួលផង វិញ្ញាសាដ៏លំបាកមួយមានទម្ងន់ខាងផ្នែកនយោបាយ បានល្បងសមត្ថភាព និងជំរុញឱ្យនាយករដ្ឋមន្រ្តីថ្មីថ្មោងកម្ពុជា ធ្វើការសម្រេចចិត្តដ៏ធំមួយ ដែលគ្រប់គ្នាមិនអាចស្មានដល់ នោះគឺការបិទបញ្ចប់កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានប្រទេសសហភាពឥណ្ឌូចិនជាសមាជិក គឺ កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហើយត្រូវបានព្រឹទ្ធសភាកម្ពុជាអនុម័ត និងព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លុបចោលជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៤។

ចរន្តប្រឆាំង CLV-DTA ដែលមានការជំរុញពីក្រុមប្រឆាំងនៅក្រៅប្រទេស បានក្លាយជារលកនៃការតវ៉ាពីសំណាក់ក្រុមសកម្មជនមួយចំនួន ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសផង និងដើម្បីទប់ស្កាត់ក្រុមបង្កើតសកម្មភាពស្រមោលជំរុញឱ្យមានភាពវឹកវរ បង្កចលាចលសង្គម ដែលមានផែនការរៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ប្រមុខដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី បានសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ភ្លាមៗតែម្ដង ដើម្បីកុំឱ្យយប់យូរសុបិនច្រើន។ ដើម្បីបង្ហាញស្មារតីជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកការដ្ឋានសាងសង់លើគម្រោងផ្លូវទឹកដឹកជញ្ជូនថ្មី ដែលមានឈ្មោះ ព្រែកជីកហ្វូណនតេជោ ដោយបានតភ្ជាប់ផ្លូវដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់ពិភពលោក តាមច្រកសមុទ្ទអន្តរជាតិ ហើយវាក៏ជាច្រកសេដ្ឋកិច្ចផ្លូវទឹកឯករាជ្យដំបូងបង្អស់របស់កម្ពុជាផងដែរ។ គម្រោងព្រែកជីក ដ៏ខ្វាត់ខ្វែងតម្រង់បាញ់ឆ្ពោះទៅកាន់លម្ហសមុទ្ទនេះ ត្រូវបានគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជនកម្ពុជា ដើម្បីពង្រីកផែនទីពាណិជ្ជកម្ម និងសេវាភស្តុភារកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ទន្ទឹមនឹងការគាំទ្រយ៉ាងក្លៀវក្លានេះ ក៏មានសំណួរជាច្រើនចោទពិភាល់ថា តើគម្រោងដ៏ធំសម្បើមនេះ បានវិវត្តិដល់ណាហើយ? ហើយថាតើជោគជ័យបានប៉ុន្មានភាគរយដែរ..? យ៉ាងណា មិនទាន់មានចម្លើយជាក់ច្បាស់អំពីវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធផ្លូវទឹកដ៏ធំនេះនៅឡើយទេ ដោយមន្ត្រីជំនាញបញ្ជាក់បានត្រឹមតែការសិក្សាផលប៉ះពាល់ និងការត្រៀមបើកពិធីសម្ពោធការសាងសង់ផ្លូវការនាពេលខាងមុខប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្នុងបរិបទមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្ន បាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ជួបនូវហានិភ័យខ្លះៗ រួមផ្សំទាំងការឈ្លានពានពីសំណាក់យោធាថៃ នៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចផងនោះ ចរន្តសេដ្ឋកិច្ចកម្ពុជាជាមួយប្រទេសថៃ ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង។ ម្យ៉ាងវិញទៀត ការផ្លាស់ប្ដូរគោលនយោបាយ ម្ដងអ៊ីចេះ ម្ដងអ៊ីចុះ របស់លោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំពិភពលោកកំពូល ក៏បាននិងកំពុងធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចសកលជួបហានីភ័យជាខ្លាំងផងដែរ ជាពិសេស បណ្តាប្រទេសដែលកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជាជាដើម។

ទោះយ៉ាងណា រាជរដ្ឋាភិបាលនីតិកាលទី៧ បានស្វះស្វែងរកការចរចា និងប្រើយុទ្ធសាស្ត្រការទូតដ៏ប៉ិនប្រសប់ តាមមធ្យោបាយផ្សេងៗ ដើម្បីរំដោះខ្លួនចេញពីនឹមពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ បានដោយជោគជ័យ ដោយសល់ពីការទាមទារ៤៩ភាគរយ មកនៅត្រឹម១០ភាគរយវិញ។ ជោគជ័យនៃការចរចាពាណិជ្ជកម្មនេះ មិនត្រឹមតែជាការសង្គ្រោះវិស័យវាយណភណ្ឌជាតិ ឱ្យរួចផុតពីការដួលរលំ និងរក្សាការងារជូនកម្មករខ្មែររាប់សែននាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាក្សីនៃការកសាងគ្រឹះអំណាចស្រទន់របស់មេដឹកនាំកម្ពុជាជំនាន់ថ្មី ក្នុងចរន្តនយោបាយសកល នាសម័យបច្ចេកវិទ្យាឌីជីថលនីយកម្មដ៏ទំនើបនេះដែរ។ ប៉ុន្តែ រាជរដ្ឋាភិបាល ក៏ទទួលរងនូវសម្ពាធដ៏ធំមួយទៀត ដែលបានផ្ញុកចូលសម្ពាយសេដ្ឋកិច្ច នោះគឺការផ្ទុះឡើងនៃរលកសង្គ្រាមនៅអឺរ៉ុបខាងកើត ជាពិសេស នៅជ្រោយមជ្ឈិមបូព៌ា ដែលបង្កឱ្យកើតវិបត្តិអតិផរណា និងតម្លៃថាមពលហក់ឡើងខ្ពស់ ជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ លើគ្រប់វិស័យនៅក្នុងប្រទេស។

ក្នុងពេលតំណាលគ្នានៃការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា យោធាថៃ ក៏បានបើកប្រតិបត្តិការឈ្លានពាន វាទីយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា និងថែមទាំងបានទាញទ្វារព្រំដែនបិទជាឯកតោភាគី ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ជួបការលំបាក។ មិនតែប៉ុណ្ណោះ សង្គ្រាមឈ្លានពានវាទីរបស់យោធាថៃនេះ ក៏ជាវិញ្ញាសាដ៏ស្មុគស្មាញមួយ ដែលរាជរដ្ឋាភិបាលជំនាន់ថ្មីពិបាកនឹងដោះស្រាយដែរ ដ្បិតអី..ទឹកដីខ្មែរជាច្រើនទីតាំង ត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់យោធាថៃ។ ជាយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលជំនាន់ថ្មី បានប្រើដៃម្ខាងទប់ទល់នឹងការឈ្លានពានរបស់បច្ចាមិត្ត ឯដៃម្ខាងទៀត ត្រូវសង្គ្រោះប្រជាជនរងគ្រោះពីការភៀសសឹក ដែលនេះ ជាការសាកល្បងសមត្ថភាពដឹកនាំរបស់មេដឹកនាំជំនាន់ថ្មីរបស់កម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២៥។ អ្វីដែលគួរឱ្យមោទនៈ និងភ្ញាក់ផ្អើលបំផុតនោះគឺ មេដឹកនាំជំនាន់ថ្មី បានប្រើសិល្បៈការទូតដ៏ប៉ិនប្រសប់ និងយល់ច្បាស់អំពីភាពចាំបាច់នៃការប្រើកម្លាំងការពារជាតិ ដោយបច្ចុប្បន្ន វិស័យការទូត បាននិងកំពុងរុញច្រានបច្ចាមិត្តឱ្យទៅជិតដល់មាត់ជ្រោះមរណៈ ព្រោះរងសម្ពាធពីអន្តរជាតិ។

ដ្បិតថា ទឹកដីនៅតំបន់ព្រំដែនបច្ចុប្បន្ន កំពុងរង់នូវការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់ចោរខ្មាំងថៃឈ្លានពានទឹកដីក៏ពិតមែន តែការច្បាមយកប៉ូលអំណាចពហុសាសន៍ រវាងមហាអំណាចធំៗទាំង៤ព្រមគ្នា រួមមាន៖ សហរដ្ឋអាម៉េរិក ចិន បារាំង និងសមាគមប្រជាជាតិអាស៊ាន ឱ្យមកគាំទ្រកម្ពុជា ក្នុងពេលតែមួយ គឺជារឿងមួយដែលមេដឹកនាំនៅលើពិភពលោក ពិបាកនឹងធ្វើបានណាស់ ជាពិសេសប្រទេសដែលរងនូវការលាភពណ៌ដ៏អាក្រក់បំផុត អំពីបញ្ហាស្កេមអនឡាញ ដែលមនុស្សនៅលើផែនដីកំពុងរងគ្រោះ និងស្អប់ខ្ពើមជាខ្លាំងផងនោះ។ ប៉ុន្តែមេដឹកនាំកម្ពុជាសម័យថ្មី បានប្រើយុទ្ធវិធី «ខ្ចីស្គរទេវតា» ទូងរំពងមេឃ បង្ហាញរូបភាពលើអេក្រង់ទូរទស្សន៍បរទេសពន្យល់ការពិតអំពីឧក្រិដ្ឋកម្មអនឡាញស្កេម និងការឈ្លានពានរបស់ប្រទេសជាប់របងផ្ទះភាគខាងលិច ដោយសម្តេចគូសបញ្ជាក់យ៉ាងច្បាស់ថា៖«មិនអាចយកការបង្ក្រាបស្កេមអនឡាញលើដែនអធិបតេយ្យប្រទេសឯករាជ្យមួយ ដើម្បីបិទបាំងទង្វើឈ្លានពានរបស់ខ្លួនបានឡើយ»។ នៅទីបំផុត សារនេះ បានចែកចាយពាសពេញពិភពលោក ខណៈការពិតត្រូវបានលាតត្រដាងឡើង។

ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក៏បានបង្ហាញបេះដូងក្នុងការស្វាគមន៍រួមសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេសជាមិត្តដទៃទៀត រួមគ្នាបង្ក្រាបក្រុមឧក្រិដ្ឋជនស្កេមអនឡាញស្គេមឱ្យអស់ពីពិភពលោកយើងនេះ ជាពិសេសការបង្ក្រាបយ៉ាងរង្គាលនៅទូទាំងផ្ទៃប្រទេសកម្ពុជា គឺជាសក្ខីកម្មមួយដែលមិនអាចប្រកែកបាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ចកម្ពុជា។ យ៉ាងណា អម្រែកលើស្មារបស់មេដឹកនាំកម្ពុជា មិនទាន់អស់ត្រឹមតែ៣ឆ្នាំនេះទេ ពោលគឺរាជរដ្ឋាភិបាលជំនាន់ថ្មី នឹងនៅតែបន្តដឹកដៃប្រជាជាតិខ្មែរជិះលើនាវាកម្ពុជា ឆ្លងកាត់ព្យុះភ្លៀង និងរលកបោកបក់នៅថ្ងៃអនាគតជាបន្តទៀត។ ដូច្នេះ តើមន្ត្រីរាជរដ្ឋាភិបាលជំនាន់ថ្មី បានត្រៀមខ្លួនអ្វីខ្លះ ដើម្បីរួមគ្នាជាធ្លង់មួយជាមួយប្រមុខរាជរដ្ឋាភិបាល កាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត..ដើម្បីធានាបាននូវអត្ថន័យ «អរគុណសន្តិភាព» ដ៏ពិតប្រាកដ សម្រាប់ថ្នាក់ដឹកនាំជំនាន់មុន?...៕



