តើប្រវត្តិស្តេចថៃមុនឡើងសោយសិរីរាជ្យសម្បត្តិ មានព្រះរាជសាវតាគួរឱ្យចាប់អារម្មណ៍បែបណា..?
ហៀប ស៊ីថេត
9 ម៉ោងមុន

បទបរិយាយ៖ ព្រះបាទសម្ដេច ព្រះបរមេន្ទ្ររាមាធិបតី ស្រីសិន្ទ្រមហាវជិរាលង្ករណ៌ ព្រះវជិរក្លៅចៅយូហួ ឬរាមាទី១០ (พระบาท สมเด็จ พระวชิรเกล้าเจ้าอยู่หัว) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ត្រូវបានពិភពលោកស្គាល់ថា ជាព្រះមហាក្សត្រ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមួយនៅលើពិភពលោក ដោយមានទំហំទ្រព្យសម្បត្តិសរុបប្រមាណ៤៣ពាន់លានដុល្លារអាម៉េរិក។ យ៉ាងណា រជ្ជកាលរបស់ព្រះអង្គ មិនត្រឹមតែលេចធ្លោដោយសារអំណាច និងហិរញ្ញវត្ថុដ៏ច្រើនមហាសាលនោះទេ ប៉ុន្តែក៏សម្បូរទៅដោយរឿងអាស្រូវផ្ទាល់ខ្លួន និងរលកនៃការប្រឆាំងពីសាធារណជនថៃ យ៉ាងក្ដៅគគុកផងដែរ ទន្ទឹមនឹងព្រះអង្គ ក៏ជាប់ព្រះនាមមួយទៀត គឺ «Play Boy» ដែលមានន័យជាខេមរភាសាថា «ក្មេងស្ទាវខូចខិល»។

លោកអ្នកមានដឹងទេ ថា តើស្តេចមហាវជិរាលង្ករណ៌ មុនឡើងគ្រងរាជសម្បត្តិ មានព្រះរាជសាវតាបែបណា..? ជាការពិត ទ្រង់ប្រសូតនៅឆ្នាំ១៩៥២ ក្នុងរាជធានីបាងកក ព្រះអង្គ ជាព្រះរាជបុត្រទី២ និងជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិពលអតុល្យតេជ (พระบาทสมเด็จ พระมหาภูมิพลอดุลยเดช) និងព្រះនាង សិរិកិតិ៍។ ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សានៅប្រទេសថៃ បន្ទាប់មកត្រូវបានបញ្ជូនទៅបន្តការសិក្សាថ្នាក់មធ្យមសិក្សានៅសាលាឯកជន Millfield ក្នុងតំបន់ Somerset ប្រទេសអង់គ្លេស។ បន្ទាប់មកទៀត ព្រះអង្គបានចូលរៀននៅមហាវិទ្យាល័យយោធា Royal Military College ក្នុងទីក្រុង Duntroon ប្រទេសអូស្ត្រាលី។ ព្រះអង្គជាសិស្ស ដែលមានលទ្ធផលសិក្សាមធ្យម ដោយព្រះអង្គធ្លាប់មានបន្ទូលថា«[..]មកពីការរស់នៅក្នុងវាំង ត្រូវបានគេមើលថែទាំហួសហេតុពេក»។ នៅឆ្នាំ១៩៧២ ព្រះអង្គត្រូវបានតែងតាំងជារជ្ជទាយាទ បន្តរាជសម្បត្តិពីព្រះបិតា។

នៅឆ្នាំ១៩៧៦ ព្រះអង្គបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យយោធាអូស្ត្រាលី ដោយទទួលបានការបណ្ដុះបណ្ដាលយោធាពីកងទ័ពអូស្ត្រាលី និងបរិញ្ញាបត្រ ក្រោមការត្រួតពិនិត្យពីសាកលវិទ្យាល័យ New South Wales។ ក្រោយបញ្ចប់ការសិក្សា ព្រះអង្គមានសមត្ថភាពបើកបរយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា ហើយថែមទាំងធ្លាប់បើកបរយន្តហោះក្នុងបេសកកម្មបង្ក្រាបក្រុមបះបោរកុម្មុយនីស្ដថៃ ក្នុងកំលុងទសវត្សរ៍ឆ្នាំ១៩៧០ ទៀតផង។ ជីវិតជារជ្ជទាយាទរបស់ព្រះអង្គពោរពេញទៅដោយរឿងអាស្រូវ ព្រោះព្រះអង្គមានស្នំរាប់សិបនាក់ និងធ្លាប់រៀបអាពាហ៍ពិពាហ៍ចំនួន៤លើក និងលែងលះ៣លើក។ ចំណងអាពាហ៍ពិពាហ៍ទី១ នៅឆ្នាំ១៩៧៧ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះព្រះភគិនីរបស់ព្រះអង្គ(បងប្អូនជីដូនមួយ) គឺម្ចាស់ក្សត្រី សោមសវលី (พระองค์เจ้าโสมสวลี) និងមានព្រះរាជបុត្រីមួយអង្គ គឺម្ចាស់ក្សត្រី ភជ្ជរកិត្តិយាភា ( เจ้าฟ้าพัชร กิติยาภา นเรนทิราเทพยวดี ) ប្រសូត្រនៅចុងឆ្នាំ១៩៧៨ ប៉ុន្តែជាអកុសលទ្រង់ក៏បានសុគត កាលពីពេលថ្មីៗនេះ។

អាពាហ៍ពិពាហ៍ទី១
អាពាហ៍ពិពាហ៍ទី១

ក្រោយមក ព្រះអង្គបានទាក់ទង និងមានបុត្រចំនួន៥អង្គជាមួយតារាសម្ដែងថៃ ឈ្មោះ សុចារិនី វិវច្ឆរវង្ស (สุจาริณี วิวัชรวงศ์) បន្ទាប់ពីព្រះអង្គបានលែងលះម្ចាស់ក្សត្រី សោមសវលី នៅឆ្នាំ១៩៩១ ហើយបានរៀបអាពាហ៍ពិពាហ៍ជា លើកទី២ ជាមួយអ្នកនាង សុចារិនី វិវច្ឆរវង្ស នៅឆ្នាំ១៩៩៤ និងបានដំឡើងជាអ្នកម្នាង។ បន្តមកដល់ឆ្នាំ១៩៩៦ ព្រះអង្គបានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយអ្នកម្នាង សុចារិនី ជាសាធារណៈ ដោយចោទប្រកាន់ពីបទផិតក្បត់ ហើយបានដកហូតអំណាច និងបុព្វសិទ្ធិរាជវង្សពីនាង និងកូនទាំង៥នាក់។ ក្រោយមកទៀត អ្នកម្នាង សុចារិនី និងកូនៗបានភៀសខ្លួនទៅប្រទេសអង់គ្លេស ពោលគឺមានតែបុត្រីមួយអង្គគត់គឺ ព្រះនាង សិរិវណ្ណវរី (เจ้าฟ้า สิริวัณณวรี) ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅជួបព្រះបិតាវិញ។ ចំណេរក្រោយមក អ្នកម្នាង សុចារិនី និងកូនប្រុស៤នាក់ទៀត បានសុំសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាម៉េរិក។

អាពាហ៍ពិពាហ៍ជាលើកទី២ 
អាពាហ៍ពិពាហ៍ជាលើកទី២ 

មិនយូរប៉ុន្មានផង អាពាហ៍ពិពាហ៍ទី៣ បានធ្វើឡើងនៅឆ្នាំ២០០១។ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាង ស្រីរស្មី សុវៈឌី (ศรีรัศมิ์ สุวะดี) ដែលជាស្ត្រីសាមញ្ញជន។ ៤ឆ្នាំក្រោយមក នាងបានប្រសូតបុត្រាមួយអង្គ គឺព្រះអង្គម្ចាស់ ធីប័ង្ករ រស្មីជោតិ (เจ้าฟ้า ทีปังกรรัศมีโชติ)។ ចំណងអាពាហ៍ពិពាហ៍នេះ បានបញ្ចប់នៅឆ្នាំ២០១៤ នៅពេលព្រះអង្គចោទប្រកាន់នាង និងសមាជិកគ្រួសារ៧នាក់ទៀតពីបទពុករលួយ។ នាងត្រូវបានដកហូតសិទ្ធិអំណាច ហើយឪពុកម្តាយរបស់នាងត្រូវបានជាប់ពន្ធនាគារ២ឆ្នាំកន្លះ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។ អ្នកនាង ស្រីរស្មី បានគេចផុតពីទោសពន្ធនាគារដោយសុខចិត្តសាងផ្នួសជាដូនជី ក្រោមលក្ខខណ្ឌប្រហាក់ប្រហែលនឹងការឃុំខ្លួននៅក្នុងផ្ទះ និងត្រូវបោះបង់សិទ្ធិចិញ្ចឹមបីបាច់បុត្រារបស់នាង។ អាពាហ៍ពិពាហ៍ទី៤ កើតឡើងនៅឆ្នាំ២០១៩។ ភ្លាមៗ..មុនពេលឡើងគ្រងរាជ្យ ព្រះអង្គបានរៀបអភិសេកជាមួយអ្នកនាង សុធីតា ដែលជាអតីតអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways បច្ចុប្បន្នត្រូវបានដំឡើងជាព្រះអគ្គមហេសីនៃប្រទេសថៃ។

អាពាហ៍ពិពាហ៍ទី៣
អាពាហ៍ពិពាហ៍ទី៣

ក្រៅពីរឿងអាស្រូវគ្រួសារ ព្រះអង្គល្បីល្បាញដោយសារការស្លៀកពាក់អាវខើចខ្លីយាងដើរក្នុងទីសាធារណៈ។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០០៩ ព្រះអង្គបានតែងតាំងឆ្កែចិញ្ចឹមពូជ Poodle ឈ្មោះ «ហ្វូ ហ្វូ (Foo Foo)» ឱ្យមានឋានន្តរស័ក្តិជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសថៃ។ ក្នុងឆ្នាំដដែលនោះ មានវីដេអូបែកធ្លាយបង្ហាញពីម្ចាស់ក្សត្រី Srirasmi ស្លៀកពាក់លេចលើ កំពុងបញ្ជុកនំខួបកំណើតឱ្យសត្វឆ្កែ ហ្វូ ហ្វូ នោះ។ សកម្មភាពទាំងនេះបានក្លាយជាកង្វល់យ៉ាងខ្លាំងសម្រាប់ព្រះបាទ ភូមិបុល និងប្រជាជនថៃ មុនពេលព្រះអង្គឡើងគ្រងរាជ្យ។ បន្ទាប់ពីព្រះបិតា ភូមិបុល បានសោយទិវង្គតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ រជ្ជទាយាទ វជិរាលង្ករណ៍ មិនបានស្នងរាជសម្បត្តិភ្លាមៗនោះទេ ដោយព្រះអង្គសុំពេលកាន់ទុក្ខព្រះបិតាសិន។ រហូតដល់ថ្ងៃទី ១ ខែធ្នូ ព្រះអង្គទើបទទួលយកមកុដជាផ្លូវការ ហើយពិធីរាជាភិសេកត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ដោយព្រះអង្គទទួលបានព្រះនាមថា «ព្រះបាទ រ៉ាម៉ា ទី១០»

អាពាហ៍ពិពាហ៍ទី៤ ព្រះអង្គបានរៀបអភិសេកជាមួយអ្នកនាង សុធីតា
អាពាហ៍ពិពាហ៍ទី៤ ព្រះអង្គបានរៀបអភិសេកជាមួយអ្នកនាង សុធីតា

ប្រជាជនថៃជាច្រើន ជាពិសេសក្នុងចំណោមយុវជនមិនពេញចិត្តចំពោះរបបរាជានិយម និងក្រុមយោធាជាន់ខ្ពស់ឡើយ ដោយទាមទារឱ្យមានប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដ។ ការផ្លាស់ប្ដូរអំណាចពីព្រះបិតា ដែលទទួលបានការគោរពស្រឡាញ់ មកកាន់ព្រះរាជបុត្រ ដែលមិនសូវមានប្រជាប្រិយភាព ធ្វើឱ្យមានការតវ៉ាកាន់តែខ្លាំងឡើង ដោយមានគណបក្សនយោបាយធំៗដូចជា អតីតបក្សចលនាឆ្ពោះទៅមុខ គឺ Future Forward និងក្រោយមកប្តូរមកជា Move Forward ចេញមុខប្រឆាំងនឹងរបបរាជានិយមយ៉ាងខ្លាំងក្លា ជាពិសេស ជំរុញឱ្យលុបចោលនូវច្បាប់ប្រមាថព្រះមហាក្សត្រ មាត្រា១១២។ សូមជម្រាបថា បញ្ហាអ្នកបន្តរាជសម្បត្តិថៃ កាន់តែមានភាពមិនច្បាស់លាស់ ព្រោះ ស្តេចថៃមានបុត្រតែ៣អង្គប៉ុណ្ណោះ ដែលត្រូវបានប្រគល់អំណាចរាជវង្ស រួមមាន៖  ម្ចាស់ក្សត្រី ភជ្ជរកិត្តិយាភា, ម្ចាស់ក្សត្រី សិរិវណ្ណវរី, និងព្រះអង្គម្ចាស់ ធីប័ង្ករ រស្មីជោតិ ប៉ុន្តែជាអកុសលព្រះនាង ភជ្ជរកិត្តិយាភា បានសុគតទៅហើយ ខណៈព្រះអង្គម្ចាស់ ធីប័ង្ករ រស្មីជោតិ ត្រូវបានគេសង្ស័យថា មិនជំងឺ​វិបល្លាស ឬមានពិការភាពផ្នែកសរសៃប្រសាទ។ គួរបញ្ជាក់ថា រជ្ជទាយាទ បន្តរាជសម្បត្តិរបស់ព្រះបាទ មហា វជិរាលង្ករណ៍ បច្ចុប្បន្ន ស្ថិតក្នុងភាពអាថ៌កម្បាំងនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត