
រាជធានីបាងកក៖ ផ្នែកមួយនៃពិដានក្នុងអាហារដ្ឋាននៃអគាររដ្ឋសភាប្រទេសថៃ ក្នុងរាជធានីបាងកក បានធ្លាក់សង្កត់លើតុ និងកៅអីនៅខាងក្រោម កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញា ដោយបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ...។

ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ដោយសារតែវាកើតឡើងចំថ្ងៃអាទិត្យ ដែលជាថ្ងៃមិនសូវមានមន្ត្រីរាជការ បុគ្គលិករដ្ឋសភា ឬភ្ញៀវចូល។ តាមធម្មតា អាហារដ្ឋានជាន់ B2 នេះ ជាទីតាំងមមាញឹកបំផុតមួយក្នុងអគាររដ្ឋសភាថៃនៅថ្ងៃធ្វើការ ជាពិសេសក្នុងអំឡុងពេលមានកិច្ចប្រជុំសភា។ លើសពីនេះ វាជាកន្លែងសមាជិកសភា (MPs) សមាជិកព្រឹទ្ធសភា មន្ត្រីរាជការ និងភ្ញៀវទូទៅ តែងតែសម្រាក និងបរិភោគអាហារ។ កត្តាពេលវេលានៃការបាក់ធ្លាក់នេះ បានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព ព្រោះបើហេតុការណ៍នេះកើតឡើងចំម៉ោងធ្វើការធម្មតា វាអាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន។

ជុំវិញហេតុការណ៍នេះ មន្ត្រី និងក្រុមវិស្វករនៃអគាររដ្ឋសភា បានចុះពិនិត្យទីតាំងខូចខាតភ្លាមៗ និងបានចាប់ផ្តើមស្រាវជ្រាវរកមូលហេតុ។ ក្រុមអ្នកស៊ើបអង្កេតកំពុងផ្ទៀងផ្ទាត់ថា តើការបាក់ធ្លាក់នេះ បណ្ដាលមកពីបញ្ហារចនាសម្ព័ន្ធ កម្រិតសំណើម ឬការរិចរិលនៃសម្ភារៈសំណង់...? យ៉ាងណា មិនទាន់មានសេចក្តីសន្និដ្ឋានផ្លូវការនៅឡើយទេ។ ផ្នែកដែលរងផលប៉ះពាល់ ត្រូវបានរំពឹងថានឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីជួសជុល និងត្រួតពិនិត្យសុវត្ថិភាពបន្ថែមទៀត មុនពេលបើកឱ្យប្រើប្រាស់ឡើងវិញ។ សូមជម្រាបថា អគារមួយនេះ តែងតែរងការរិះគន់ជាញឹកញាប់ជុំវិញបញ្ហាបច្ចេកទេស គុណភាពសំណង់ បញ្ហាថែទាំ ព្រមទាំងសំណើសុំថវិកាបន្ថែមជាបន្តបន្ទាប់សម្រាប់ការជួសជុល ដែលធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងលើការកើនឡើងនៃចំណាយរយៈពេលវែង៕



