
រាជធានីបាងកក៖ លោក ប៉រៈមេស្វរ៍ ង៉ាមពិសេស (ปรเมศวร์ งามพิเชษฐ์) ចៅហ្វាយក្រុងប៉ាតាយ៉ា បានប្រកាសអួតយ៉ាងសម្បើមពីផលចំណេញ ដែលទទួលបានពីការសម្រាកលម្ហែកាយរយៈពេល៥ថ្ងៃរបស់កងនាវិកសហរដ្ឋអាម៉េរិក មកពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដោយបាននាំប្រាក់ចំណូលប៉ានប្រមាណ ១០០លានបាត ឬស្មើជិត៣លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងការអបអរសាទរចំពោះរំហូរសាច់ប្រាក់នេះ លោកក៏បានខិតខំកែប្រែទស្សនមតិសាធារណៈ ដោយអះអាងថា ប៉ាតាយ៉ា បានផ្លាស់ប្ដូរមុខមាត់ថ្មីទៅជារមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់វ័យ ទាំងដែលទីក្រុងនេះ គឺជាទីតាំងនៃអំពើពេស្យាកម្មដ៏ល្បីល្បាញបំផុតមួយក្នុងលោក។

លោក ប៉រៈមេស្វរ៍ បានប្រឹងរ៉ាយរ៉ាប់ការពារទីក្រុងរបស់ខ្លួន ទាំងងងឹតងងុលថា ទោះបីជាប៉ាតាយ៉ានៅមានជីវិតរាត្រីកាមគុណ ប៉ុន្តែវាត្រូវបានកម្រិតនៅក្នុងតំបន់ខ្លះប៉ុណ្ណោះ ហើយទីក្រុងនេះ មានសេវាកម្មទេសចរណ៍ចម្រុះដូចជា៖ ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់វប្បធម៌។ ជុំវិញរឿងតួលេខលុយកាក់ ចៅហ្វាយក្រុងរូបនេះ បានទទួលស្គាល់ថា មិនទាន់មានតួលេខច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកនៅតែហ៊ានទាញការសន្និដ្ឋានស្មានៗ ផ្អែកលើការនិយាយជាមួយអាជីវករ និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិក ថា ទាហានម្នាក់ៗចំណាយចន្លោះពី១០០ទៅ១៥០ដុល្លារអាម៉េរិក ទើបបូកលេខចេញជាលុយ១០០លានបាតចរាចរក្នុងស្រុក។ លោកបានអះអាងទាំងមិនមានតួលេខច្បាស់លាស់ទៀតថា លុយទាំងនេះ ត្រូវបានបែងចែកទៅភោជនីយដ្ឋាន និងផ្សារទំនើប មិនមែនធ្លាក់តែលើកណ្តាប់ដៃអាជីវកម្មផ្លូវភេទ និងបាររាត្រីនោះឡើយ។

អ្វីដែលគួរឱ្យអស់សំណើច នោះគឺ លោក ប៉រៈមេស្វរ៍ ហ៊ានរលាស់អណ្តាតថា អ្វីដែលប៉ាតាយ៉ាទទួលបាន គឺលើសពីលុយកាក់ គឺរូបភាពថ្លៃថ្នូររបស់ទីក្រុង។ លោកបានសម្ដែងក្ដីរំភើបចិត្ត ចំពោះរូបថតទាហានអាម៉េរិកស្លៀកពាក់ឈុតប្រពៃណីថៃ និងទស្សនាទីសក្ការបូជា ដែលត្រូវបានផ្សព្វផ្សាយ ដោយចាត់ទុកថា ជាការប្រម៉ូតទីក្រុងដោយមិនបាច់ចំណាយថវិកា។ លោកបានពោលពាក្យអួតអាងចុងក្រោយថា៖«ប៉ាតាយ៉ា ជាកន្លែងដែលអាចមកលេងបានរាល់ថ្ងៃ សក្តិសមគ្រប់វ័យ និងមានសុវត្ថិភាព»។ យ៉ាងណា ការកែប្រែមុខមាត់ប៉ាតាយ៉ាពីសំណាក់ចៅហ្វាយក្រុងរូបនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការអួត ដើម្បីបិទបាំងការពិតនៃទីតាំងពេស្យាកម្ម និងជាទីក្រុងពេស្យាចារដ៏ធំបំផុតមួយរបស់ពិភពលោក តែប៉ុណ្ណោះ៕




