តៃវ៉ាន់ ទទួលយន្ដហោះគ្មានមនុស្សបើកតម្លៃរាប់រយលានដុល្លារ​​ពីសហរដ្ឋអាម៉េរិក សម្រាប់តាមដានចិន
S
Sinuon Nop
8 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ជាមួយនឹងការព្រួយបារម្ភអំពីការឈ្លានពានរបស់មហាយក្សចិន ទៅលើកូនកោះប្រជាធិបតេយ្យតៃវ៉ាន់ ក្រុមអ្នករៀបចំផែនការយោធារបស់​រដ្ឋបាលទីក្រុងតៃប៉ិ បានបង្កើនការទិញគ្រឿងសព្វាវុធទំនើបៗ ពីសហរដ្ឋអាម៉េរិក និងខិតខំផលិតមីស៊ីលដោយខ្លួនឯង ខណៈបច្ចុប្បន្ន យន្ដហោះគ្មានមនុស្សបើកដ៏ធំ ចំនួន២គ្រឿង ​មានតម្លៃរាប់រយលានដុល្លារ បានមក​ដល់ដៃកងទ័ពអាកាសតៃវ៉ាន់ហើយ...។

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី១៤​ ខែកញ្ញានេះថា បើតាមប្រភពព័ត៌មានពីមន្ត្រីយោធា បានឱ្យដឹងថា យន្ដហោះគ្មានមនុស្សបើក ប្រភេទ MQ-9B ចំនួន២គ្រឿង បានទៅដល់ដៃកងទ័ពអាកាសតៃវ៉ាន់ ហើយបាននិងកំពុងហោះហើរសាកល្បងជាលើកដំបូង ដោយបានហោះចេញពីមូលដ្ឋានកងទ័ពអាកាសតៃវ៉ាន់ Hualien (ហ៊ួលៀន) នៅថ្ងៃចន្ទទី១៤កញ្ញានេះ។​ យន្តហោះគ្មានមនុស្សបើកទាំង២គ្រឿងនេះ បានផ្ដល់ជូនកងទ័ពអាកាសសហរដ្ឋអាម៉េរិក កាលពីខែមីនា ដោយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំមួយ ប៉ុន្ដែវា​ទើបនឹងធ្វើដំណើរមកដល់កោះតៃវ៉ាន់ កាលពី​ពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា បុគ្គលិកមកពីក្រុមហ៊ុនផលិតយន្ដហោះគ្មានមនុស្សបើក General Atomics និងកងទ័ពអាកាស បាន​ដំឡើង និងហោះសាកល្បងយន្តហោះគ្មានមនុស្សបើក ឬដ្រូនទាំងនោះ នៅតំបន់ Hualien។ កងទ័ពកោះតៃវ៉ាន់ សង្ឃឹមថា នឹងប្រើប្រាស់សមត្ថភាពហោះហើរបានយូររបស់ ដែលមានសមត្ថភាពឃ្លាំមើលពេញលេញ ​រយៈពេល២៤ម៉ោង ​ដើម្បីពង្រឹងការតាមដានសកម្មភាពតាមផ្លូវអាកាស និងផ្លូវសមុទ្ទ នៅជុំវិញច្រកសមុទ្ទកោះតៃវ៉ាន់។កងទ័ពអាកាសកោះតៃវ៉ន់ ក៏បានចាត់ចែងថវិកាចំនួន២១,៧ពាន់លានដុល្លារតៃវ៉ាន់ ឬប្រហែល៦៨៤,០៣លានដុល្លារអាម៉េរិក សម្រាប់រយៈពេលចន្លោះពីឆ្នាំ២០២២-២០២៩ ដើម្បីទិញយន្ដហោះគ្មានមនុស្សបើកចំនួន៤គ្រឿង ប្រភេទ​ MQ-9B រួមជាមួយឧបករណ៍ពាក់ព័ន្ធ ដូចជា​ ស្ថានីយគ្រប់គ្រងនៅលើដី។ សហរដ្ឋអាម៉េរិក ត្រូវផ្គត់ផ្គង់យន្ដហោះគ្មានមនុស្សបើកដល់មេដឹកនាំកោះតៃវ៉ាន់ ចំនួន២គ្រឿងបន្ថែមទៀត នៅឆ្នាំ២០២៧។​

បើតាមទូរទស្សន៍ប្រទេសសិង្ហបុរី CAN បានឱ្យដឹងថា របាយការណ៍កញ្ចប់ថវិកាវិស័យការពារជាតិរបស់កោះតៃវ៉ាន់ កងទ័ពអាកាសដែនកោះមួយនេះ បានសង្កត់ធ្ងន់​ពីភាពចាំបាច់ នៅក្នុងការអភិវឌ្ឍប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ឬដ្រូន​ ដែលមានសមត្ថភាពឃ្លាំមើល នៅក្នុងរយៈចម្ងាយឆ្ងាយ និងគ្រប់លក្ខខណ្ឌអាកាសធាតុ ដើម្បីតាមដានសកម្មភាពយោធារបស់ចិន ក៏ដូចជាសកម្មភាពតាមផ្លូវអាកាស និងផ្លូវសមុទ្ទ នៅជុំវិញច្រកសមុទ្ទតៃវ៉ាន់។ លោក ហ៌​សៀហ៍ ប៉ី-សៀហ៍ (Hsieh Pei-hsueh) ​អ្នកវិភាគនៃវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខជាតិ បានលើកឡើងនៅ​មុននេះថា ប្រព័ន្ធតភ្ជាប់ទិន្នន័យរបស់យន្តហោះគ្មាមនុស្សបើក MQ-9B អាចជួយសម្រួលដល់ការចែករំលែកព័ត៌មាន​ស៊ើបការណ៍សម្ងាត់ នៅក្នុងពេលជាក់ស្តែង​ រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក ដែលសកម្មភាពនេះ នឹងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅ។​

យន្ដហោះគ្មានមនុស្សបើក ឬដ្រូនយក្ស ប្រភេទ MQ-9B មានបណ្ដោយប្រវែង១១,៧ម៉ែត្រ, ស្លាបប្រវែង២៤ម៉ែត្រ វាអាចហោះនៅក្នុងកម្ពស់១២គីឡូម៉ែត្រ ជាមួយនឹងល្បឿន ប្រហែល​៣៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។ MQ-9B អាចផ្ទុកទម្ងន់ហោះហើរជាអតិបរមា ជាង៦១០០គីឡូក្រាម វាមានសមត្ថភាពហោះឈ្លបយកការណ៍ និងវាយប្រហារនៅក្នុងចម្ងាយប្រហែលជាង១០ ០០០គីឡូម៉ែត្រ។ MQ-9B ក្នុងមួយគ្រឿងៗ មានតម្លៃចន្លោះពី៦៤លាន ដល់២០០លានដុល្លាអាម៉េរិក ដោយអាស្រ័យ ទៅលើឧបករណ៍យោធា និងប្រព័ន្ធរ៉ាដា សម្រាប់បំពាក់ជាមួយវា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត