ប្រមុខអង្គការណាតូ ចេញសារព្រមាន៖ បើចិនឈ្លានពានកោះតៃវ៉ាន់ នឹងផ្ទុះសង្គ្រាមធំ២ដំណាលគ្នា
S
Sinuon Nop
10 ម៉ោងមុន

រាជធានីព្រុចសែលស៍៖ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) បានព្រមានថា ជម្លោះពាក់ព័ន្ធនឹងកោះតៃវ៉ាន់ អាចបង្កឱ្យមានផលពាល់យ៉ាងធ្ងន់ធ្ងរ ហួសពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយលោកលើកឡើងថា ប្រទេសចិន អាចងាកទៅរករុស្ស៊ី ដើម្បីបង្កើតវិបត្តិសន្តិសុខ នៅក្នុងពេលដំណាលគ្នា នៅតំបន់អឺរ៉ុប។ នេះបើតាមសារព័ត៌មាន Taiwan News ចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី១៤ ខែកញ្ញា...។

ប្រមុខអង្គការណាតូ លោក ម៉ាក រូតថេ
ប្រមុខអង្គការណាតូ លោក ម៉ាក រូតថេ

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំរបស់ប្រធានបេសកកម្មការទូតអាល្លឺម៉ង់ នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រមុខការអង្គការណាតូ លោក រូតតេ បានលើកឡើងថា អឺរ៉ុប និងសហរដ្ឋអាម៉េរិក កាន់តែយល់ច្បាស់ថា សកម្មភាពរបស់ចិន ប្រឆាំងនឹងកោះតៃវ៉ាន់ ឬនៅតាមតំបន់ផ្សេងៗទៀត នៅតាមបណ្តោយខ្សែសង្វាក់កោះទី១ (first island chain) អាចនឹងកើតឡើង ស្របពេលជាមួយនឹងសកម្មភាពរបស់រុស្ស៊ី នៅតំបន់អឺរ៉ុប។ប្រមុខអង្គការសម្ព័ន្ធមិត្តយោធារបស់លោកខាងលិចរូបនេះ បញ្ជាក់ថា៖«សហរដ្ឋអាម៉េរិក ជឿជាក់យ៉ាងមុតមាំថា ខ្លួនកំពុងបែងចែកធនធានទៅកាន់តំបន់ផ្សេងៗច្រើនពេក រហូតខ្វះខាតធនធានសម្រាប់តំបន់សំខាន់ៗ ប្រសិនបើពួកយើងនៅអឺរ៉ុប មិនបង្កើនការចូលរួមចំណែកឱ្យបានសកម្មជាងមុនទេនោះ។» រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ចាំបាច់ត្រូវយកចិត្តទុកដាក់ លើផលប្រយោជន៍របស់ខ្លួន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រមុខអង្គការណាតូ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ 
ប្រមុខអង្គការណាតូ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ 

ទាំងនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក មានការយល់ដឹងកាន់តែច្បាស់ ប្រសិនបើប្រទេសចិន ចាត់វិធានការប្រឆាំងតៃវ៉ាន់ ឬតំបន់ណាមួយ ក្នុងខ្សែសង្វាក់កោះទីមួយនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) អាចនឹងទាក់ទងទៅដៃគូរបស់ខ្លួន គឺមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅរដ្ឋធានីមូស្គូ ដើម្បីឱ្យលោក ពូទីន បង្កើតបញ្ហាឱ្យពួកយើងជាប់រវល់នៅទីនោះ។ លោក រូតតេ បន្ដថា ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្តាប្រទេសលោកខាងលិច ប្រឈមមុខនឹង«បញ្ហាធ្ងន់ធ្ងរ នៅក្នុងតំបន់ជម្លោះទាំងពីរ» ពោលគឺនៅអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បើនិយាយម្យ៉ាងទៀត គឺតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប មានទំនាក់ទំនងគ្នា កាន់តែជិតស្និទ្ធឡើង

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជិនពីង

ការព្រមានរបស់ប្រមុខអង្គការណាតូរូបនេះ ឆ្លុះបញ្ចាំងពីក្ដីកង្វល់ដែលគាត់លើកឡើងម្ដងហើយម្ដងទៀត នៅក្នុងរយៈពេលមួយឆ្នាំកន្លងមក នៅត្រង់ថា ប្រទេសចិន និងរុស្ស៊ី អាចបង្កជាបញ្ហាប្រឈម នៅក្នុងពេលដំណាលគ្នា សម្រាប់បណ្តាប្រទេសលោកខាងលិច ដែលបង្ខំឱ្យសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់រដ្ឋធានីវ៉ាស៊ីនតោន ត្រូវបែងចែកការយកចិត្តទុកដាក់ផ្នែកយោធា និងនយោបាយ រវាងតំបន់អឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក រូតតេ លើកឡើងស្រដៀងគ្នានេះដែរ អំពីលទ្ធភាព នៃការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់ អាចនឹងកើតឡើង ស្របពេលជាមួយនឹងសកម្មភាពយោធារបស់រុស្ស៊ី ប្រឆាំងមកលើទឹកដីរបស់អង្គការ NATO។ ប្រមុខអង្គការណាតូរូបនេះ ក៏ធ្លាប់លើកឡើងផងដែរ កាលពីខែកក្កដា ឆ្នាំ២០២៥ ថា រុស្ស៊ីអាចនឹងត្រូវបានស្នើឱ្យបង្កភាពវឹកវរដល់អង្គការ NATO នៅតំបន់អឺរ៉ុប ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់។ នៅពេលនោះ ក្រសួងការបរទេសកោះតៃវ៉ាន់ លើកឡើងថា លោក រូតតេ បានព្រមាន ថាចិនអាចនឹងចាប់ដៃគូជាមួយរុស្ស៊ី ដើម្បីបង្កើតជម្លោះមួយទៀត ស្របគ្នានឹងនៅតំបន់អឺរ៉ុប។

ដោយឡែក គោលជំហរផ្លូវការរបស់អង្គការអង្គការណាតូ គឺផ្តោតលើការការពាររួមគ្នារបស់រដ្ឋជាសមាជិកទាំង៣២ប្រទេសរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក រូតតេ អំពីទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងតំបន់ទាំងពីរនេះ មានន័យថា សមាជិកណាតូ នឹងមិនអាចចាត់ទុកបញ្ហាប្រឈមផ្នែកសន្តិសុខនៅអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ថា ជារឿងដាច់ដោយឡែកពីគ្នាបានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត