ខ្មាសគេដូចលេចពង! ថៃប្រតិកម្មញ័រមាត់ ក្រោយកាសែតបារាំងទម្លាយភស្តុតាងឈ្លានពានកម្ពុជា
ហៀប ស៊ីថេត
2 ថ្ងៃមុន

រាជធានីបាងកក៖ មជ្ឈមណ្ឌលព័ត៌មានរួមរបស់ប្រទេសថៃ (JIC) ដឹកនាំដោយលោក មេទ័ពអាកាស លោក ប្រៈផាស សនចៃឌី (ประภาส สนใจดี) បានចេញមុខតវ៉ាប្រឆាំងនឹងអត្ថបទសារព័ត៌មានបារាំងមួយ ដែលចុះផ្សាយការពិត និងត្រូវបានគាំទ្រដោយកម្ពុជា ជុំវិញសកម្មភាពរំលោភបំពាន និងការប្រើប្រាស់កម្លាំងយោធាឈ្លានពាន ពីសំណាក់ភាគីថៃ នៅតាមបណ្តោយព្រំដែន។ នេះបើតាមការចុះផ្សាយដោយកាសែត The Nation នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ...។

លោក ប្រៈផាស សនចៃឌី
លោក ប្រៈផាស សនចៃឌី

ការចេញមុខប្រកែកឡើងញ័រមាត់ពីសំណាក់ភាគីថៃនេះ កើតឡើងក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានចែករំលែកនូវរបាយការណ៍ស៊ើបអង្កេតមួយ ដែលចុះផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃរបស់បារាំង Le Figaro ដែលបានពិនិត្យពិច័យយ៉ាងស៊ីជម្រៅ លើស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ របាយការណ៍ដ៏វែងអន្លាយនេះ ត្រូវបានសរសេរឡើងដោយអ្នកសារព័ត៌មាន លោក ហ្សង់-លូក ម៉ូរ៉ូ ឌឺឡេរីស (Jean-Luc Moreau Deleris) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា កាលពីខែមីនា ឆ្នាំ២០២៦ ដោយបានរៀបរាប់ពីប្រទេសថៃ ថាជា«អ្នកឈ្លានពាន» និងបានកាន់កាប់ជ្រៅជាច្រើនទីតាំងលើដែនដីកម្ពុជា។ សារព័ត៌មាន Le Figaro ត្រូវបានរាយការណ៍ថា បានរំលេចអំពីការខូចខាតដល់បេតិកភណ្ឌវប្បធម៌កម្ពុជា រួមមាន ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ព្រមទាំងបានពិនិត្យមើលមូលដ្ឋានប្រវត្តិសាស្ត្រ និងច្បាប់នៃជំហររបស់កម្ពុជា ដោយបានយោងទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីព្រំដែន សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងការបកស្រាយសាលក្រមនេះឡើងវិញកាលពីឆ្នាំ២០១៣។

លើសពីនេះ របាយការណ៍ខាងលើក៏បានបង្ហាញថា កម្ពុជា[ជា]ភាគីដែលខ្សោយជាងថៃ ផ្នែកយោធា ដូច្នេះ គ្មានជម្រើសអ្វីក្រៅពីការស្វែងរកផ្លូវការទូត និងផ្លូវច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនឡើយ​។ របាយការណ៍នេះ ថែមទាំងបានភ្ជាប់មកជាមួយរូបថតជាច្រើនសន្លឹក ដែលថតដោយអ្នកសារព័ត៌មានរូបនោះ ក្នុងអំឡុងពេលធ្វើដំណើរចុះយកព័ត៌មាននៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ រូបថតទាំងនោះ ក៏ត្រូវបានដាក់តាំងពិពណ៌នៅក្នុងប្រទេសបារាំងផងដែរ ដើម្បីផ្តល់ឱ្យសាធារណជនបានឃើញនូវទិដ្ឋភាពផ្ទាល់អំពីស្ថានភាពនៅកម្ពុជា។ សូមជ​ម្រាបថា បន្ទាប់ពីការបកអាក្រាតដោយកាសែតបារាំងនេះ ធ្វើឱ្យភាគីថៃចាប់ផ្តើមជ្រួលច្របល់ ខ្វល់ចិត្ត នៅមិនស្ងៀម ខណៈលោក ប្រៈផាស សនចៃឌី មេទ័ពអាកាសភូមិន្ទថៃ និងជានាយក JIC ប្រតិកម្មខុសរបៀបថា ថៃគោរពសេរីភាពសារព័ត៌មាន ប៉ុន្តែត្រូវបែងចែកឱ្យច្បាស់ រវាងអត្ថបទរបស់អ្នកសារព័ត៌មាន និងអង្គហេតុដែលត្រូវបានបង្កើតឡើងតាមរយៈភស្តុតាង។

លោក ប្រៈផាស បន្តរលាស់អណ្តាតទៀតថា អត្ថបទដែលចុះផ្សាយនៅប្រទេសបារាំង ឬប្រទេសផ្សេងទៀត មិនមែនជាការសម្រេចតាមផ្លូវច្បាប់លើការកាត់ក្ដីខណ្ឌសីមាព្រំដែននោះទេ។ លោកក៏បានចង្អុលបង្ហាញបែបបង្អាប់ លើកិច្ចព្រមព្រៀងឆ្នាំ១៩០៤ និង១៩០៧ ដោយសំអាងខុសទំនងថា៖«ឥឡូវនេះ យើងស្ថិតក្នុងសតវត្សរ៍ទី២១ ហើយ។ យើងត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រ មិនមែនយកមរតកសម័យអាណានិគមមកបង្កើតជម្លោះមួយទៀត សម្រាប់ប្រជាជនថៃ និងកម្ពុជានោះទេ»។ យ៉ាងណា ការអះអាង ចេញមុខប្រកែកពីសំណាក់ភាគីថៃនេះ មិនខុសពីការចោទកាសែតបារាំងចុះផ្សាយមិនពិត និងក្លែងក្លាយឡើយ ទាំងដែលអន្តរជាតិបានដឹងយ៉ាងច្បាស់ពីចរិកដ៏ពុតត្បុត និងបង្កប់ដោយពិសពុលរបស់យោធាថៃ ដែលមានក្រុមអាមាត្យជាអ្នកបញ្ជានៅពីក្រោយខ្នង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត