កម្ពុជាបណ្តេញជនជាតិថៃ៤៤នាក់ ចេញពីប្រទេស ក្រោយពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់
Chanmarady Chuon
9 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី២១សីហា ឆ្នាំ២០២៦នេះ មន្ត្រីនគរបាលអន្តោប្រវេសន្តកម្ពុជា បានបណ្តេញជនជាតិថៃចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន៤៤នាក់ ក្រោយជាប់ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា...។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចម្រើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបសង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿន ម៉ាន់ អនុប្រធាននាយកដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានធ្វើការប្រគល់ និងបណ្តេញជនជាតិថៃសរុបចំនួន ៤៤នាក់ (ស្រី១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជនជាតិថៃទាំង៤៤នាក់នោះ បានលួចប្រព្រឹត្តបទល្មើស លួចស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានអនុវត្តទោសតាមផ្លូវច្បាប់រួចរាល់ មុននឹងសមត្ថកិច្ចកម្ពុជាបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ តាមនីតិវិធី។ បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ជនជាតិថៃដែលត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានបញ្ជូនមកពីខេត្តសៀមរាប ដែលបានសម្រេចទោសពាក់ព័ទ្ធបទល្មើសផ្សេងៗ ដែលប្រព្រឹត្តនៅខេត្តដ៏មានសក្តានុពលទេសចរណ៍របស់កម្ពុជាមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត