
បទបរិយាយ៖ ថ្ងៃនេះ ដោយឃើញយោធាថៃ ចែកដីខ្មែរឱ្យពលរដ្ឋថៃធ្វើជាកម្មសិទ្ធិ ក្រោយពីចូលឈ្លានពានកម្ពុជាទាំងកម្រោល។ យើងសូមរម្លឹកថយក្រោយបន្តិច យន្តហោះចម្បាំង ក្បួនរថពាសដែក រថក្រោះ គ្រាប់បែកចង្កោម ផ្សែងគីមីពុល ឧឃោសនសព្ទបំពងសំឡេងកម្រិតខ្ពស់ ចាក់ភ្លេងខ្មោច និងប្រើកាំភ្លើងធំជាអាវុធធុនធ្ងន់ៗ កាចសាហាវ ដែលបានបង្ហាញពីទំហំនៃការឈ្លានពានទ្រង់ទ្រាយធំ ពីសំណាក់យោធាថៃ។ ចុះក្រៅពីយុទ្ធោបករណ៍ធន់ធ្ងន់ទាំងនោះ តើលោកអ្នកមានដឹងទេ យោធាថៃឈ្លានពាននៅមានសព្វាវុធអ្វីខ្លះទៀត យកមកបាញ់សម្លាប់ទាហាន ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា..? ថ្ងៃនេះ SBM News នឹងបង្ហាញអាវុធធុនស្រាល និងកាំភ្លើងដៃគ្រប់ប្រភេទ ដែលយោធាថៃបានប្រើសម្រាប់បាញ់ប្រហារទាហាន ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នាពេលកន្លងទៅ គួរឱ្យរន្ធត់ ដែលពលរដ្ឋខ្មែរគ្រប់រូបមិនគួរឆាប់ភ្លេចឡើយ...។

កន្លងមកបងប្អូនខ្មេរយើងមួយចំនួនចាប់អារម្មណ៍តែលើសព្វាវុធធុនធ្ងន់ និងមានភាពលេចធ្លោ ដូចជា យន្តហោះចម្បាំង F-16, Grepen, និង T-50TH ដ្រូនអត្តឃាត ជាដើម ។ល។ យ៉ាងណា អ្វីដែលគេមើលរំលងនោះ គឺអាវុធធុនស្រាល និងកាំភ្លើងដៃ ដែលថៃបានស៊ីប កេះកៃបាញ់ប្រហារលើយោធិនកម្ពុជាដូចគ្រាប់ភ្លៀងរលឹម គ្មានត្រាប្រណី។ ផ្អែកតាមការស្រាវជ្រាវ និងការវិភាគទិន្នន័យរូបភាព និងវីដេអូជាក់ស្តែងនៅក្នុងសមរភូមិឈ្លានពាន នាពេលកន្លងមក យើងឃើញថា យោធាថៃកាន់កាំភ្លើងទំនើបៗជាច្រើនប្រភេទ និងផ្សេងៗគ្នា ដោយមានប្រភពចម្រុះ ប៉ុន្តែភាគច្រើនត្រូវបានទិញមកពីលោកខាងលិច។ ជាទូទៅ យោធាថៃ ត្រូវបានបំពាក់កាំភ្លើងដៃត្រកូល M16 និង M4 ផលិតដោយសហរដ្ឋអាម៉េរិក។ សម្រាប់ ត្រកូលM16 មាន៣ប្រភេទ គឺ៖ M16 A1, M16 A2 និង M16 A4។

M16 A1 គឺជាកាំភ្លើងប្រយុទ្ធរបស់យោធាអាម៉េរិក មានប្រវត្តិយូរអង្វែង និងត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធជាច្រើនប្រទេស។ វាត្រូវបានរចនាឡើងសម្រាប់គ្រាប់កាំភ្លើងទំហំ៥,៥៦×៤៥មិលីម៉ែត្រ។ វាមានទម្ងន់ស្រាលជាងកាំភ្លើងប្រយុទ្ធជំនាន់ចាស់ៗជាច្រើន និងងាយស្រួលក្នុងការរកគ្រឿងបន្លាស់។ ចំណែក M16 A2 មិនខុសពី M16 A1 ប៉ុន្មានទេ ដោយគ្រាន់តែមានបំពង់កាំភ្លើងធ្ងន់ជាង។ ចំណែកឯ M16 A4 គឺជាជំនាន់ទំនើបជាងគេក្នុងត្រកូល M16។ វាត្រូវបានបំពាក់ឧបករណ៍មើលគោលដៅ និងឧបករណ៍ជំនួយផ្សេងៗ។ លើសពីនេះ យោធាថៃ ក៏បានប្រើកាំភ្លើងប្រភេទ M4 ផងដែរ ដោយប្រើគ្រាប់ទំហំ ៥,៥៦×៤៥ មិលីម៉ែត្រ ដូចត្រកូល M16 ដែរ ប៉ុន្តែខុសគ្នាត្រង់ M4 មានបំពង់កាំភ្លើងខ្លីជាង។

វាត្រូវបានបំពាក់ឧបករណ៍មើលគោលដៅ និងគ្រឿងបន្លាស់ទំនើបៗ។ មិនតែប៉ុណ្ណោះ យោធាថៃ ក៏បានប្រើកាំភ្លើង Colt M5 ផងដែរ ដែលវាប្រសូត្រចេញពីត្រកូល AR-15/M4 បំពាក់ឧបករណ៍ជំនួយការបាញ់ចុងក្រោយបង្អស់។ យោធាថៃ ក៏មានប្រើនូវអាវុធ Tavor TAR-21 និង IWI Negev ផលិតដោយប្រទេសអ៊ីស្រាអែលផងដែរ។ វាជាកាំភ្លើងប្រយុទ្ធដែលប្រើគ្រាប់ទំហំ ៥,៥៦×៤៥ មិលីម៉ែត្រដូចគ្នា។ ចំណែកឯក្រុមស្នាយភើថៃ កាន់កាំភ្លើងស៊ីប IWI Galil Sniper ទំហំ ៧,៦២x៥១ មិលីម៉ែត្រ របស់អ៊ីស្រាអែល។ វាត្រូវបានប្រើប្រាស់សម្រាប់បាញ់ប្រហារគោលដៅចម្ងាយឆ្ងាយ និងឧងបករណ៍ឆ្លុះទំនើប។ បើនិយាយពីកាំភ្លើងយន្តធុនស្រាល ថៃប្រើប្រាស់កាំភ្លើងយន្ត FN MAG របស់ប៊ែលហ្ស៊ិក។ វាប្រើគ្រាប់ទំហំ ៧,៦២×៥១ មិលីម៉ែត្រ និងប្រើប្រាស់ដោយប្រព័ន្ធបញ្ចូលគ្រាប់ខ្សែ។

អាវុធមួយប្រភេទនេះ ប្រើប្រាស់ប្រព័ន្ធបញ្ចូលខ្សែគ្រាប់ មានកម្លាំងបាញ់ខ្លាំង និងមានប្រវត្តិប្រើប្រាស់យូរមកហើយ។ ផលិតដោយប៊ែលហ្ស៊ិកដូចគ្នា ថៃបានប្រើប្រាស់កាំភ្លើងយន្តធុនស្រាល FN Minimi ដែលអាចប្រើប្រព័ន្ធខ្សែគ្រាប់ទំហំ ៥,៥៦×៤៥ មិលីម៉ែត្រ។ ក្រៅពីនេះ យោធាឈ្លានពាន ក៏បានបំពាក់កាំភ្លើងបាញ់គ្រាប់បែក STK40 របស់ប្រទេសសិង្ហបុរីផងដែរ។ STK40 ប្រើគ្រាប់បែកទំហំ៤០មិលីម៉ែត្រ។ វាមានសមត្ថភាពបាញ់គ្រាប់បែក ដើម្បីផ្តល់ការគាំទ្រដល់យោធាថ្មើរជើង។ ដូចកងទ័ពកម្ពុជាដែរ យោធាថៃ ក៏បានប្រើប្រាស់កាំភ្លើងយន្តធុនស្រាល RPD ដែលមានប្រភពពីសហភាពសូវៀត។ វាមានរូបរាងសាមញ្ញ ប៉ុន្តែប្រើធន់ និងប្រើគ្រាប់ទំហំ ៧,៦២×៣៩ មិលីម៉ែត្រ។

មិនត្រឹមតែប៉ុណ្ណោះ យោធាថៃបានបំពាក់ដោយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថពាសដែកធុនស្រាល RPG-7 និង Type 69 ដែលត្រូវបានរចនាយ៉ាងសាមញ្ញ។ សាមញ្ញក៏ព្រោះតែវា ត្រូវការតែទាហានម្នាក់ប៉ុណ្ណោះ ដើម្បីបញ្ជាការបាញ់ប្រហារ។ ជាងនេះទៅទៀត យោធាថៃឈ្លានពាន ក៏បានបំពាក់នូវប្រព័ន្ធកាំភ្លើង PW78 ទំហំ ៨២មិលីម៉ែត្ររបស់ចិនដែរ។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថា ក្រៅតែពីអាវុធធុនធ្ងន់ៗ យោធាថៃ បានប្រើប្រាស់កាំភ្លើងដៃ និងអាវុធធុនស្រាលជាច្រើនប្រភេទ មានប្រភពចម្រុះមកពីសហរដ្ឋអាម៉េរិក អឺរ៉ុប អ៊ីស្រាអែល រុស្ស៊ី និងចិន៕





