
ក្រុងកែប៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ក្របួចជនសង្ស័យជាជនជាតិចិន និងខ្មែរជាបន្តបន្ទាប់ សរុប៥នាក់ ក្រោយមានករណីប្រើប្រាស់អាវុធបាញ់បោះយ៉ាងសេរី បង្កការភ្ញាក់ផ្អើលនៅក្បែររង្វង់មូលសេះ-ស នៅកណ្តាលទីក្រុងកែប...។

យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបើកប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី ប្រើប្រាស់អាវុធ និងរក្សាទុកអាវុធដោយខុសច្បាប់ ព្រមទាំងធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធ៥នាក់ ក្នុងនោះមាន ជនជាតិចិន៣នាក់ និងជនជាតិខ្មែរ២នាក់។

ជាមួយគ្នា អាជ្ញាធរជំណាញបានធ្វើការដកហូតវត្ថុតាងកាំភ្លើងវែង-ខ្លី រួចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីធ្វើការសាកសួរ ស្វែងរកប្រភពនៃការចរាចរអាវុធខុសច្បាប់។ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ វូ យ៉ានវ៉ី (WU YANWEI) អាយុ៣៦ឆ្នាំ ជនជាតិចិន រួមជាមួយវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែក ជនសង្ស័យ៤នាក់ទៀត លោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានសម្រេចធ្វើការអប់រំ និងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅផ្ទះវិញ ក្រោយរកឃើញថា មិនមានកំហុស៕








