
រដ្ឋធានីវៀងចន្ទន៍៖ កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី១៤ ខែកញ្ញានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងប្រាប់អ្នកចូលរួមថា ជម្លោះឈ្លានពានទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ បានបង្កឱ្យមានតំបន់រងផលប៉ះពាល់ថ្មី ជិត៤ពាន់គីឡូម៉ែត្រការ៉េ ក្នុងនោះ ជិត៣ពាន់គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម…។

លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា កម្ពុជាបានចំណាយពេលជាង៣ទសវត្សរ៍ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃដីជាង៣៥០០គីឡូម៉ែត្រការ៉េ និងកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់។ជាមួយគ្នា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀត ដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។ តែពេលនេះ ជម្លោះឈ្លានពានរបស់យោធាថៃ បានបន្ថែមគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនទៀត មកលើដែនដីកម្ពុជា ពិសេសគឺ គ្រាប់បែកចង្កោមតែម្ដង។ ការគំរាមកំហែងថ្មីនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កម្ពុជា។ ពលរដ្ឋស៊ីវិល ជាពិសេស ប្រជាកសិករ ត្រូវបានសម្លាប់ និងរងរបួស ប្រមាណជាង២ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋាន ដែលជាទ្រព្យសម្បត្តិរបស់ខ្លួនវិញបាន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមនៅមុខអន្តរជាតិថា ទោះកម្ពុជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោមនេះក៏ដោយ តែកម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោម និងបានប្រកាសប្រឆាំង ក៏ដូចជាថ្កោលទោស ចំពោះការប្រើប្រាស់អាវុធប្រភេទនេះ។ កម្ពុជាក៏ត្រៀមចែករំលែកបទពិសោធក្នុងការបោសសម្អាត ការអប់រំអំពីហានិភ័យ ជាមួយប្រទេសនានា ដែលត្រូវការ ដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់ និងការគំរាមកំហែងពី យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចដែលកម្ពុជាបានឆ្លងកាត់៕





