
រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំមួយ ឃាត់ខ្លួនជនបរទេស៣នាក់ រួមជាមួយកញ្ឆាក្រៀម និងម្សៅហេរ៉ូអ៊ីន សរុបជិត៨០គីឡូក្រាម បន្ទាប់ពីពួកគេកំពុងរៀបចំផែនការដឹកជញ្ជូនសារធាតុញៀនទាំងនេះ ចេញពីប្រទេសកម្ពុជា តាមច្រកផ្លូវអាកាស...។

ផ្អែកតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការបង្ក្រាបធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ លើអ្នកដំណើរបរទេស៣នាក់ ដែលត្រៀមចាកចេញពីប្រទេសកម្ពុជា។ តាមរយៈប្រតិបត្តិការត្រួតពិនិត្យនៅអាកាសយានដ្ឋាន សមត្ថកិច្ចបានរកឃើញសារធាតុញៀន ដែលត្រូវគេលាក់បាំងយ៉ាងផ្ចិតផ្ចង់ក្នុងវ៉ាលី និងសម្ភារធ្វើដំណើរ ដើម្បីគេចវេះពីការពិនិត្យរបស់សមត្ថកិច្ច។

ជាលទ្ធផល ក្រុមការងារបានរកឃើញ៖ រុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន១៤៦ដុំ មានទម្ងន់សុទ្ធសរុប៧៣,០១៧គីឡូក្រាម និងម្សៅក្រាមពណ៌-ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៦២១៩ក្រាមផងដែរ។ បន្ទាប់ពីបានបំពេញនីតិវិធីត្រួតពិនិ្យបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យទាំង៣នាក់ វត្ថុតាង និងសម្ភារពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕







