អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញបេក្ខជន៣នាក់ក្លែងឯកសារដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី
អុន សម្ផស្ស
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (A.C.U.) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសរកឃើញបេក្ខជន៣នាក់ប្រើប្រាស់ឯកសារក្លែងក្លាយ ដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២១។ ជានីតិវិធីបន្ទាប់ A.C.U. នឹងកោះហៅបេក្ខជនទាំងនោះមកបំភ្លឺ ដើម្បីបន្តស្រាវជ្រាវ និងផ្ទៀងផ្ទាត់ភស្តុតាងព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធ..។

អង្គភាពប្រឆាំងអំពើពុករលួយ លម្អិតពីករណីនេះថា គណៈមេធាវីកម្ពុជា ចាប់ផ្តើមលក់ពាក្យប្រឡងនៅថ្ងៃទី៣សីហា និងបិទការទទួលពាក្យនៅថ្ងៃទី៣កញ្ញា ឆ្នាំ២០២៦។ ក្នុងដំណើរការនេះ A.C.U. បានចូលរួមសង្កេតការណ៍ចាប់ពីដំណាក់កាលដាក់ពាក្យ រហូតដល់ការប្រកាសលទ្ធផលស្ថាពរ។ លោក កែវ ធីវុទ្ធ ឧបការី A.C.U. និងជាអ្នកទទួលបន្ទុកដឹកនាំការងារសង្កេតការណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃបិទការទទួលពាក្យបេក្ខជនបានមកទិញពាក្យសរុបចំនួន ៦៦១ច្បាប់ និងមានបេក្ខជនចំនួន ៥៧៤នាក់ បានដាក់ពាក្យសុំប្រឡង ក្នុងនោះស្ត្រីមានចំនួន ២២៣នាក់

យ៉ាងណា គណៈមេធាវីបានសម្រេចពន្យារពេលការលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡងបន្ថែម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បេក្ខជនដែលមិនទាន់បានដាក់ពាក្យតាមកាលបរិច្ឆេទដំបូង។ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ផ្អែកលើការពិនិត្យផ្ទៀងផ្ទាត់សំណុំឯកសារ ក្រុមការងារបានរកឃើញបេក្ខជនចំនួន៣នាក់ ដែលបានប្រើប្រាស់ឯកសារក្លែង ហើយA.C.U. នឹងកោះហៅបេក្ខជនទាំងនោះមកបំភ្លឺនៅអង្គភាព ដើម្បីបន្តស្រាវជ្រាវ និងផ្ទៀងផ្ទាត់ភស្តុតាង ព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធ។ A.C.U. បន្ថែមថា ក្នុងករណីស្រាវជ្រាវរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ A.C.U នឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។ 

រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥

យោងសេចក្តីប្រកាសរបស់គណៈមេធាវីកម្ពុជា បេក្ខជនដែលអាចដាក់ពាក្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗចំនួន៥ រួមមាន៖ មានសញ្ជាតិខ្មែរ, មានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ដែលមានតម្លៃស្របច្បាប់, មិនធ្លាប់ត្រូវបានផ្តន្ទាទោសក្នុងករណីដែលច្បាប់កំណត់, មិនមានក្ស័យធនផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ, មានសីលធម៌ និងកាយសម្បទាគ្រប់គ្រាន់សម្រាប់បំពេញការងារ។  អង្គភាពប្រឆាំងអំពើពុករលួយ អំពាវនាវដល់បេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ និងផ្តល់ព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ A.C.U. ព្រមានថា រាល់អំពើក្លែងបន្លំឯកសារ ឬការប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមានដោយមិនមានការលើកលែង៕

រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
រូបភាពឯកសារ៖ ដំណើរការប្រឡើងកាលពីឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត