ស៊ីម៉ាក់បញ្ជាក់ថា កុមារាម្នាក់បាត់ជីវិត ហើយឪពុករបួ.សធ្ងន់នៅស្រុកជាំក្សាន្ត ដោយសារគ្រា.ប់បែកចង្កោមបន្សល់ទុកពីយោធាថៃ
S
Sreyleak Yith
31 តុលា 2025 02:58 AM

ស្រុកជាំក្សាន្ត៖ ករណីផ្ទុះគ្រាប់នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បណ្តាលឱ្យកុមារា១០ឆ្នាំម្នាក់បាត់បង់ជីវិត និងឪពុកអាយុ៤៣ឆ្នាំរងរបួសធ្ងន់។ ក្រោយការស៊ើបអង្កេតអស់រយៈពេលជិតមួយសប្តាហ៍ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឬស៊ីម៉ាក់ (CMAC) កាលពីថ្ងៃទី៣០តុលា ចេញមកបញ្ជាក់ថា តាមការសន្និដ្ឋាន គ្រាប់ដែលផ្ទុះនេះ ជាគ្រាប់បែកចង្កោមប្រភេទ M-៨៥ ជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមកាលពីចុងខែកក្កដា

CMAC អះអាងថា អ្នកជំនាញបានវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្ររងផលប៉ះពាល់ដែល កុមារារងគ្រោះឈ្មោះ សឿន សុវណ្ណ បានរើសគ្រាប់ និងផ្អែកតាមការរៀបរាប់លម្អិតពី អ្នកស្រី ស៊ិន ចាន់ទាង ជាម្តាយ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះរហូត បង្កឱ្យមានគ្រោះថ្នាក់កើតឡើង។ CMAC អំពាវនាវបងប្អូនប្រជាជពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅឋាន ដែលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីកន្លងទៅ។ CMAC បន្ថែមថា ក្នុងករណីប្រទះឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះហាមប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល។ 

គ្រាប់បែកចង្កោម
គ្រាប់បែកចង្កោម

CMAC ជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ ជាមួយគ្នានេះ អាចទាក់ទងមកកាន់មន្ត្រីអង្គភាព CMAC នៅក្នុងខេត្តឧត្តរមានជ័យ តាមរយៈលេខ ០៩៧ ២០០ ១១ ៤១ និងខេត្តព្រះវិហារ តាមរយៈលេខ ០៩៧ ២២២២ ៧៣៥។​ គួរដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ក្រុមមន្រ្តីជំនាញអង្គភាព CMAC បានស្រាវជ្រាវ និងកំណត់ទីតាំងភូមិសាស្ត្រចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាចម្ការគ្រាប់បែកចង្កោម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត