មន្ត្រីកម្ពុជាប្រាប់គណៈកម្មការកសាងសន្តិភាពUN៖ គ្រាប់បែកចង្កោមដែលថៃទម្លាក់ ប៉ះពាល់ខ្លាំង និងបន្ថែមសម្ពាធដល់កិច្ចប្រឹងប្រែងបោសសម្អាត
S
Soriya Sou
30 កក្កដា 2026 12:00 PM

ទីក្រុងញូវយ៉ក៖ មន្ត្រីកម្ពុជា បន្តបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងនៅចំពោះមុខអន្តរជាតិ ជុំវិញផលប៉ះពាល់មនុស្សធម៌ ដែលបណ្ដាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​ពីសំណាក់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនកាលពីឆ្នាំ២០២៥…។

ក្ដីបារម្ភរបស់កម្ពុជា ត្រូវបានលើកឡើងដោយ លោក យោង ចាន់សុភារ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពស្តីពី៖«សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ៖ មេរៀនពីប្រទេសកម្ពុជា និងកូឡុំប៊ី» នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ។ លោក យោង ចាន់សុភារ គូសបញ្ជាក់ថា ក្នុងនាមជាប្រទេសក្រោយជម្លោះ ដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីន មិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។ លោកបានជម្រាបពីសមិទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន៣៥៩៨គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមាន ផ្ទៃដីមានសល់គ្រាប់មីនប្រឆាំងមនុស្សចំនួន២៥៨៦គីឡូម៉ែត្រការ៉េ។

លើសពីនេះ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាក៏បានរួមចំណែកក្នុងការបញ្ជូនកងរក្សាសន្តិភាពប្រមាណ១ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន និងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយជោគជ័យ។ ដោយសារកិច្ចប្រឹងប្រែងជាវិជ្ជមាន កម្ពុជាបានប្ដេជ្ញាចិត្តរំដោះផ្ទៃដីដែលនៅសល់គ្រាប់មីនឱ្យអស់នៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែពេលនេះ ការខិតខំប្រឹងប្រែងរបស់កម្ពុជាកំពុងត្រូវបានដាក់សម្ពាធដោយសារគ្រាប់បែកចង្កោមរាប់លានគ្រាប់ ដែលយោធាថៃ បានបាញ់ស្រោចលើទឹកដីកម្ពុជា។ លោក យោង ចាន់សុភារ ភារធារីស្តីទីកម្ពុជាប្រចាំ អ.ស.ប. បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ដោយបានសង្កត់ធ្ងន់ប្រាប់គណៈកម្មការកសាងសន្តិភាព ថា ជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមពីភាគីថៃ មិនត្រឹមតែបង្កផលប៉ះពាល់មនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធបន្ថែមលើការងារវាស់វែង-ស្រាវជ្រាវ ការបោសសម្អាត និងការជួយសង្គ្រោះជនរងគ្រោះរបស់កម្ពុជាផងដែរ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ខែមិថុនា​ ឆ្នាំ២០២៦ អង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកចង្កោមប្រភេទ M៤២ M៤៦ និងM៨៥ ដែលយោធាថៃបានបាញ់ និងទម្លាក់មកលើទឹកដីកម្ពុជា ក្នុងកំលុងពេលសង្រ្គាមឈ្លានពានប្រមាណ៦លាន ទៅ៧លានគ្រាប់ ហើយអាចមានកម្រិតមិនផ្ទុះ​ប្រមាណ២៥ទៅ៣០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត