កំលុងសង្គ្រាមឈ្លានពាន យោធាថៃបា.ញ់ផ្លោងគ្រាប់បែកចង្កោមចូលទឹកដីកម្ពុជា ប្រមាណ៧លានគ្រាប់
S
Sreyleak Yith
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ តាមការសន្និដ្ឋានជំហានបឋម​ យោធាថៃអាចប្រើប្រាស់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ប្រមាណពី១២ម៉ឺនទៅ១៣ម៉ឺនគ្រាប់​ និងមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ នេះបើតាមការស្រាវជ្រាវរកគ្រាប់ ដែលមិនទាន់បញ្ចប់ទាំងស្រុង។ លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ក្នុងពិធីបើកសិក្ខាសាលាស្តីពីគ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series កាលពីថ្ងៃទី២៥មីនា មិ្សលមិញ...។

លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់ 
លោក​​ ហេង រតនា អគ្គនាយកស៊ីម៉ាក់ 

លោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកចង្កោមដែលយោធាថៃបាញ់មកលើទឹកដីកម្ពុជា មាន៣ប្រភេទសំខាន់ គឺ​ M៤២ ​ M៤៦ និង​M៨៥។ គ្រាប់បែកចង្កោមទាំងនេះ បានផ្លោងមកលើទីតាំងកងទ័ព ផ្ទះប្រជាពលរដ្ឋ ​​ ដីស្រែចម្ការ​ សាលារៀន​ មន្ទីរពេទ្យ​ និងតំបន់ស៊ីវិល។ តំបន់ដែលរងផលប៉ះពាល់មានចំនួន៣៧១ភូមិ ក្នុងភូមិសាស្ត្រខេត្តកោះកុង​ ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ ព្រះវិហារ​ និងខេត្តសៀមរាប។ ក្នុងនោះ មានប្រមាណ៣៦០០ពហុកោណ(ទីតាំង)​ មានផ្ទៃដីសរុបប្រមាណ២៣៦០គីឡូម៉ែត្រក្រឡា។ លោក​​អគ្គនាយកស៊ីម៉ាក់ បន្ថែមថា គ្រាប់បែកចង្កោមប្រភេទ M ក៏មានប្រើក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដែរដូចជា លីបង់​ សុីរី​  អ៊ុយក្រែន​ និងយេម៉ែន​។

គួរជ្រាបថា គ្រាប់បែកចង្កោម ជាអាវុធផ្ទុកនូវគ្រាប់តូចៗជាច្រើន ដែលអាចជះឥទ្ធិពលលើផ្ទៃដីធំទូលាយ។ គ្រាប់មិនទាន់ផ្ទុះប្រភេទនេះ អាចបង្កគ្រោះថ្នាក់ភ្លាមៗ និងយូរអង្វែងដល់ជនស៊ីវិល ជាពិសេស កុមារតូច ដែលមិនបានស្គាល់ និងអាចច្រឡំគ្រាប់បែកទាំងនោះ ថា ជារបស់លេង។ ដូច្នេះ ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាអំពើល្មើសច្បាប់អន្តរជាតិដែលបានហាមឃាត់ ព្រោះវាអាចបណ្ដាលឱ្យមានការស្លាប់មនុស្ស សត្វ មានរយៈពេលវែង និងជាអាវុធអមនុស្សធម៌បំផុត ដែលមនុស្សជាតិលើពិភពលោកស្អប់ខ្ពើម និងភ័យខ្លាច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត