
រាជធានីភ្នំពេញ៖ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានទទួលជួបគណៈប្រតិភូគណៈកម្មាធិការនៃអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) ពិភាក្សាគ្នាពីវិបត្តិគ្រាប់បែកចង្កោម ដែលអាចបន្តគំរាមកំហែងដល់ពលរដ្ឋកម្ពុជាជាច្រើនឆ្នាំ។ គ្រាប់បែកចង្កោមរាប់លានគ្រាប់នេះ បន្សល់ទុកដោយយោធាថៃឈ្លានពាន។ ជំនួបនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៦សីហា ក្នុងឱកាសគណៈប្រតិភូគណៈកម្មាធិការនៃអង្គការកាកបាទក្រហមអន្តរជាតិ មកបំពេញបេសកកម្មនៅកម្ពុជា។ លោក ហេង រតនា បានបង្ហោះរូបភាព និងខ្លឹមសារនៃជំនួបលើបណ្តាញសង្គម នៅយប់ថ្ងៃទី៧សីហា។

ក្នុងជំនួបជាមួយលោក អាឡាំង អ៊ិសលីម៉ាន់ (Alain Aeschlimann) ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃអង្គការកាកបាទក្រហមអន្តរជាតិ ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងលោកស្រី ដរសា ណាហ្សេមី សាលម៉ាន (Dorsa Nazemi-Salman) ប្រធានបេសកកម្មអង្គការកាកបាទក្រហមអន្តរជាតិប្រចាំកម្ពុជា, លោក ហេង រតនា បានលើកឡើងអំពីស្ថានភាព និងទំហំបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្សល់ទុកពីការវាយប្រហាររបស់កងទ័ពថៃ ក្នុងតំបន់ប្រជាពលរដ្ឋរស់នៅ និងតំបន់ស៊ីវិល។ លោកបន្តថា ការស្រាវជ្រាវព័ត៌មានអំពីសំណល់យុទ្ធភណ្ឌនៅតាមភូមិប្រជាពលរដ្ឋចំនួន៣៣៥ភូមិ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានកំណត់តំបន់រងផលប៉ះពាល់ប្រមាណ៣៨៧២គីឡូម៉ែត្រការ៉េ។ ក្នុងចំណោមនោះ តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមជិត២៧០០គីឡូម៉ែត្រការ៉េ។

អគ្គនាយកស៊ីម៉ាក់ បញ្ជាក់បន្ថែមថា គ្រាប់បែកចង្កោមជំនាន់ថ្មី រួមមាន៖ M42, M46 និង M85 អាចមានចំនួនប្រមាណ៦ទៅ៧លានកូនគ្រាប់ រាយប៉ាយនៅតាមភូមិឋាន ស្រែចម្ការ និងតំបន់រស់នៅរបស់ប្រជាពលរដ្ឋទាំង៣៣៥ភូមិ។ លោក ចាត់ទុកសំណល់គ្រាប់បែកចង្កោមជំនាន់ថ្មីនេះ ថាមានទំហំធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់យូរអង្វែងដល់សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋ។ ក្រៅពីនេះ នៅមានភូមិចំនួន១៤ និងទីតាំងភូមិសាស្ត្រតាមតំបន់ជួរមុខនៃបន្ទាត់ព្រំដែន ដែលមិនទាន់បានបញ្ចប់ការស្រាវជ្រាវ និងកំណត់ទំហំតំបន់រងផលប៉ះពាល់នៅឡើយទេ។ ដូច្នេះ ទំហំបញ្ហាសំណល់យុទ្ធភណ្ឌដែលបានបង្ហាញ អាចនៅមានការប្រែប្រួលបន្ថែមទៀត នៅពេលការស្រាវជ្រាវតំបន់ទាំងនោះត្រូវបានបញ្ចប់។

ក្នុងន័យនេះ លោក ហេង រតនា ពន្យល់ប្រៀបធៀបពីសង្គ្រាមលីបង់-អ៊ីស្រាអែល ឆ្នាំ២០០៦ ដែលមានរយៈពេល៣៤ថ្ងៃ ដោយអ៊ីស្រាអែលត្រូវបានរាយការណ៍ថា ប្រើគ្រាប់បែកចង្កោមយ៉ាងច្រើន។ ករណីនេះត្រូវបានលើកឡើង ដើម្បីបង្ហាញពីទំហំ និងភាពស្មុគស្មាញនៃបញ្ហាសំណល់គ្រាប់បែកចង្កោមនៅកម្ពុជា។ លោក ប្រាប់គណៈប្រតិភូអង្គការបាទក្រហមអន្តរជាតិថា ការរាយប៉ាយគ្រាប់បែកចង្កោមនៅជិតសាលារៀន ភូមិឋាន វត្តអារាម ស្រែចម្ការរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសាធារណៈ អាចបង្កវិបត្តិមនុស្សធម៌ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោកបានស្នើឱ្យអង្គការកាកបាទក្រហមអន្តរជាតិ យកចិត្តទុកដាក់ចំពោះបញ្ហាផលប៉ះពាល់មនុស្សធម៌ពីសំណល់យុទ្ធភណ្ឌ និងស្នើអង្គការអន្តរជាតិមួយនេះ ជួយជំរុញឱ្យ[ភាគីពាក់ព័ន្ធ]គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម និងអាវុធគីមី។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ក្នុងការសម្របសម្រួលស្របតាមគោលការណ៍ និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានរួមចំណែកក្នុងការដោះលែងវរកងទ័ពកម្ពុជាចំនួន១៨នាក់ ដែលត្រូវកងទ័ពថៃចាប់ខ្លួនទាំងបំពានច្បាប់។ ក្រៅពីនេះ កម្ពុជាបានស្នើឱ្យអង្គការកាកបាទក្រហមអន្តរជាតិ បន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់ជនភៀសសឹកកម្ពុជា ដើម្បីអាចវិលត្រឡប់ទៅកាន់ទីលំនៅ និងផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព។ លើសពីនេះ លោកស្នើឱ្យមានការយកចិត្តទុកដាក់ចំពោះការខូចខាតផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយសារសង្គ្រាម៕









