រុស្ស៊ីបាញ់មីស៊ីលបាលីស្ទីកទម្លុះចូលរដ្ឋធានីកៀវ ស.ម្លា.ប់មនុស្ស៣នាក់ និង២០នាក់រងរបួស
Chanmarady Chuon
20 សីហា 2026 02:00 PM

រដ្ឋធានីកៀវ៖ កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទីក លើរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងរបួស២០នាក់ផ្សេងទៀត ចំពេលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី កំពុងប្រឈមមុខនឹងរលក នៃចលាចលនយោបាយនៅក្នុងប្រទេស…។

យោងតាមសារព័ត៌មាន កៀវ អ៊ីនឌីពផេនដេន (Kyiv Independent) របស់អ៊ុយក្រែន បានឱ្យដឹងថា សំឡេងផ្ទុះបានបន្លឺឡើងនៅរដ្ឋធានីកៀវ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃពុធទី១៩សីហា បណ្ដាលឱ្យរញ្ជួយអគារក្បែរនោះ និងធ្វើឱ្យរថយន្តសង្គ្រោះបន្ទាន់ បន្លឺស៊ីរ៉ែនរោទិ៍ព្រមៗគ្នា ការផ្ទុះបានវាយប្រហារលើខណ្ឌចំនួនបីនៃរដ្ឋធានីកៀវ ដែលរួមមាន៖ ខណ្ឌ ស្វ៊ែតូស៊ីនស្គី (Sviatoshynskyi), ខណ្ឌសូឡូមៀនស្គី(Solomianskyi, និងខណ្ឌឆេវឆិនគីវស្គី(Shevchenkivskyi)។

អភិបាលរដ្ឋធានីកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) បាននិយាយថា អគារស្នាក់នៅកម្ពស់៩ជាន់មួយ នៅក្នុងខណ្ឌសូឡូមៀនស្គី បានបាក់រលំ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានការវាយប្រហារ។ លោកបន្ថែមថា មន្ទីរពេទ្យកុមារមួយកន្លែង បានរងការខូចខាតផងដែរ ដោយបង្អួចត្រូវបានបែកបាក់ និងមានអគ្គិភ័យឆាបឆេះរថយន្តនៅទីធ្លាមន្ទីរពេទ្យ។ លោក វីតាលី ឃ្លីតឆ្កូ ឱ្យដឹងបន្តថា មានមនុស្សកំពុងជាប់គាំងនៅឯអគារស្នាក់នៅមួយកន្លែងទៀត ខណៈដែលផ្នែកខ្លះនៃខណ្ឌស្វ៊ែតូស៊ីនស្គី និងសូឡូមៀនស្គី ត្រូវបានកាត់ផ្តាច់ប្រភពអគ្គិសនីស្ទើរទាំងស្រុង។ លោក បញ្ជាក់ថា មានមនុស្ស៣នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារនេះ។

  អភិបាលក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ
  អភិបាលក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ

កងទ័ពអាកាសអ៊ុយក្រែន បានព្រមានអំពីការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទីក​ដែលកំពុងតម្រង់ទិសដៅមកកាន់រដ្ឋធានីកៀវ និងទីតាំងសំខាន់ៗមួយចំនួនទៀត។ ជាមួយគ្នា គ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ហ្សៀកខន (Zircon) របស់រុស្ស៊ី ក៏ត្រូវបានបាញ់ចេញពីតំបន់ ឃើស្គ (Kursk)ផងដែរ។ លោក វីតាលី ឃ្លីតឆ្កូ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងជម្រកសុវត្ថិភាព ខណៈគ្រាប់មីស៊ីលបានបន្តខិតជិតមកដល់។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង២០នាក់ មាន ១៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត