នាវិកអាម៉េរិក២នាក់ ត្រូវបណ្តេញឱ្យឡើងនាវាវិញ ក្រោយផឹកស្រវឹងបង្កហិង្សានៅប៉ាតាយ៉ា ប្រទេសថៃ
ហៀប ស៊ីថេត
19 ម៉ោងមុន

ប៉ាតាយ៉ា៖ នាវិកអាម៉េរិក២រូប មកពីនាវាចម្បាំង Abraham Lincoln ដែលកំពុងចូលសំចតនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ត្រូវបានអាជ្ញាធរបណ្តេញឱ្យត្រឡប់ទៅលើនាវាវិញយ៉ាងប្រញាប់ប្រញាល់ ក្រោយពីបានផឹកស្រវឹង រួចអុកឡុក និងវាយតប់គ្នានៅកណ្តាលទីប្រជុំជន។ នេះបើយោងតាមការបញ្ជាក់ពីប៉ូលិសថៃនៅថ្ងៃសុក្រទី៤ ខែកញ្ញានេះ។

មេប៉ូលិសក្រុងប៉ាតាយ៉ា លោក អានែក ស្រៈថងយូ (Anek Srathongyoo) បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនឱ្យចុះអន្តរាគមន៍ជាបន្ទាន់ចំពោះអំពើហិង្សាវាយតប់គ្នាមួយ ដែលបង្កឡើងដោយនាវិកអាម៉េរិកទាំង២ នៅវេលាទៀបភ្លឺថ្ងៃព្រហស្បតិ៍ នៅជិតតំបន់ភ្លើងពណ៌ Walking Street នៃទីក្រុងប៉ាតាយ៉ា។ លោកថ្លែងថា៖«ក្រុមនាវិកទាំងនោះបានស្រវឹងធ្លាក់ភ្នែក ស្រែកឡូឡាអនាធិបតេយ្យ និងបានស្ទុះទៅវាយតប់គ្នាទៅវិញទៅមកយ៉ាងសាហាវ»។ លោក ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងតំបន់ បានហៅទូរសព្ទទៅប៉ូលិសសុំឱ្យទៅធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍រាលដាលកាន់តែធ្ងន់ធ្ងរជាងនេះ។

លោក អានែក បានបន្ថែមថា នាវិកទាំងនោះ មិនត្រូវបានចោទប្រកាន់ពីបទល្មើសអ្វីឡើយ ដោយសារពួកគេមិនបានល្មើសច្បាប់ប្រទេសថៃធ្ងន់ធ្ងរឡើយ ហើយខាងកងទ័ពជើងទឹកអាម៉េរិកបានបញ្ជូនបុគ្គលបង្កហេតុទាំង២នាក់នោះ ត្រឡប់ទៅលើនាវាវិញរួចរាល់ហើយ។ គួររំលឹកផងដែរថា ការចូលចតរបស់នាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលកងទ័ពជើងទឹកប្រមាណ៥ពាន់នាក់ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្ទអស់២៨០ថ្ងៃ ដើម្បីធ្វើប្រតិបត្តិការក្នុងសឹកសង្គ្រាមនៅមជ្ឈិមបូព៌ា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត