អាម៉េរិក អះអាងថា បានជួយខេត្តសៀមរាបយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ
S
Sreyleak Yith
មួយម៉ោងមុន

ខេត្តសៀមរាប៖ សហរដ្ឋអាម៉េរិក មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាច្រើន ហើយលើសពីនេះ សហរដ្ឋអាម៉េរិក បានជួយខេត្តសៀមរាបសឹងគ្រប់ផ្នែកនៅតាមសហគមន៍។ នេះបើយោងតាមសាររបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បង្ហោះលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៦។

កាលពីថ្ងៃទី១៣កញ្ញា លោកស្រី អាឡេក ហ្ស៊ីថល (Aleks Zittle) ភារធារីស្ថានទូតអាម៉េរិក និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានជួបពិភាក្សាការងារគ្នា ដើម្បីពិភាក្សាពីឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនអាម៉េរិក និងសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការកេងប្រវញ្ចលើកុមារ ការជួញដូរគ្រឿងញៀន និងការបោសសម្អាតមីន ក្នុងគោលបំណងធ្វើឱ្យសហគមន៍នានា ក្នុងខេត្តសៀមរាបកាន់តែមានសុវត្ថិភាព។ កិច្ចសហប្រតិបត្តិការនេះ បានបន្តជាច្រើនជំនាន់ និងបន្តចូលរួមស្ទើរតែគ្រប់ផ្នែកនៃសហគមន៍ រាប់ចាប់តាំងពីកិច្ចការពារទីតាំងបេតិកភណ្ឌបុរាណ រហូតដល់ការលើកកម្ពស់សមត្ថភាពរបស់អ្នកដឹកនាំសម្រាប់ពេលអនាគត។ ស្ថានទូតអាម៉េរិក លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣ រដ្ឋាភិបាលអាម៉េរិកបានជួយក្នុងការបោសសម្អាតមីនក្នុងខេត្តសៀមរាប ជាង២៣៥លានដុល្លារ។ ក្នុងនោះ បានបោសសម្អាតផ្ទៃដី ដែលមានគ្រាប់មីនចំនួន៧១៥លានម៉ែត្រការ៉េ។ ការជួយនេះ គឺដើម្បីឱ្យប្រជាជនកម្ពុជារាប់សែននាក់ អាចត្រឡប់ទៅរស់នៅលើដីធ្លីរបស់ពួកគេវិញដោយសុវត្ថិភាព។

លើសពីនេះ ចាប់តាំងពីឆ្នាំ២០០៤ សហរដ្ឋអាម៉េរិកក៏បានវិនិយោគថវិកាជាង៤លានដុល្លារ ដើម្បីជួសជុលប្រាសាទភ្នំបាខែង និងទឹកប្រាក់ចំនួនជាង៧មុឺនដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ណាល័យអាម៉េរិក ឬ American Corner នៅសៀមរាប ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងវប្បធម៌រវាងអាម៉េរិក-កម្ពុជា ការកសាងកម្លាំងពលកម្មនាពេលអនាគត និងការបង្កើនឱកាសវិនិយោគអាម៉េរិកនៅក្នុងតំបន់។កិច្ចសហប្រតិបត្តិការនោះ ក៏មានរួមបញ្ចូលនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាព និងសុវត្ថិភាពសាធារណៈនៅទូទាំងខេត្ត។ កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភថវិកា ដោយរដ្ឋាភិបាលអាម៉េរិក កំពុងជួយសង្គ្រោះជីវិតមនុស្សតាមរយៈការពង្រឹងសន្តិសុខសុខភាព និងការថែទាំឱ្យចំគោលដៅ ក្នុងការលុបបំបាត់ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់។ល។ មួយវិញទៀត អាម៉េរិកក៏បានបណ្ដុះបណ្ដាលមន្ត្រីនគរបាល អន្តោប្រវេសន៍ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ប្រមាណជាង១០០នាក់ក្នុងឆ្នាំ២០២៦នេះ ដោយពង្រឹងជំនាញក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងតម្រង់ទិសលើប្រតិបត្តិការឆបោកដែលបានប៉ះពាល់ដល់ពលរដ្ឋអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត