
ខេត្តស្ទឹងត្រែង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៤នាក់ ក្នុងនោះមានស្ត្រីម្នាក់..។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១០ និងថ្ងៃទី១១កញ្ញា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងចំណោមជនសង្ស័យទាំង៣៤នាក់ មាន ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ១នាក់ពាក់ព័ន្ធការរក្សាទុក និងប្រើប្រាស់ ខណៈ៣០នាក់ទៀតពាក់ព័ន្ធការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬ ICE ចំនួន៧កញ្ចប់ មានទម្ងន់សុទ្ធប្រមាណជាង១១៥ក្រាម។ ជាមួយគ្នា សមត្ថកិច្ច ក៏បានដកហូតម៉ូតូចំនួន២៥គ្រឿង ម៉ូតូរ៉ឺម៉ក១គ្រឿង និងទូរសព្ទដៃចំនួន២៨គ្រឿងផងដែរ។ ក្រោយឃាតខ្លួន ជនសង្ស័យ ត្រូវបានការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់៕
រាយការណ៍ដោយ៖ លោក សារី ណែត






