
រាជធានីភ្នំពេញ៖ សម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ និងសមុទ្ទចិនខាងត្បូង នៅតែ មានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី ហើយបានបោកបក់មកលើអាងទន្លេមេគង្គ និងសមុទ្ទកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦...។

ក្រសួងធនធានទឹកបានចេញសេចក្ដីប្រកាសព័ត៌មាន ដោយអះអាងថា តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ ដោយឡែក រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧០ម៉ែត្រ។

ចំណែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី នាំឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងកណ្តាល អាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ។ ដោយឡែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ ហើយមានខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម ល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ស្ថានភាពនេះ បង្កឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចៀសវាងកើតមានហានិភ័យណាមួយជាយថាហេតុ៕





