កូរ៉េខាងត្បូង-អ៊ីរ៉ង់ ជជែកគ្នាអំពីស្ថានភាពនៅច្រកសមុទ្ទហ័រមូស្ស
ហៀប ស៊ីថេត
មួយម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យុន (Cho Hyun) បានពិភាក្សាអំពីវឌ្ឍនភាពនៃវិបត្តិនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស តាមរយៈកិច្ចសន្ទនាតាមទូរសព្ទ នៅថ្ងៃសុក្រទី១១ ខែកញ្ញា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (Abbas Araghchi)។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេស កូរ៉េខាងត្បូង។

លោក ឆូ យុន (ឆ្វេង) និងលោក លោក អាបបាស អារ៉ាក់ឈី (Abbas Araghchi)
លោក ឆូ យុន (ឆ្វេង) និងលោក លោក អាបបាស អារ៉ាក់ឈី (Abbas Araghchi)

លោក ឆូ បានសម្ដែងនូវក្ដីកង្វល់យ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថានការណ៍ដ៏តានតឹងនៅច្រកសមុទ្ទហ័រមូស្ស។ លោកបានសង្កត់ធ្ងន់អំពីបំណងប្រាថ្នា ក្នុងការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ផងដែរ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង រូបនេះ បានបញ្ជាក់ប្រាប់លោក អារ៉ាកឈី ថា កូរ៉េខាងត្បូង ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រដល់សេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍សម្រាប់នាវាទាំងអស់ ដោយគ្មានការរំលោភបំពាន និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាសន្តិសុខផ្លូវទឹក។

ជាការឆ្លើយតប លោក អារ៉ាកឈី បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ប្រទេសអ៊ីរ៉ង់ ជុំវិញការវិវត្តនៃស្ថានការណ៍ក្នុងតំបន់ ដោយភាគីទាំង២ បានយល់ព្រមបន្តរក្សាបណ្តាញទំនាក់ទំនងបើកចំហជាមួយគ្នា។ កិច្ចសន្ទនាតាមទូរសព្ទនេះ ត្រូវបានរៀបចំឡើងតាមការស្នើសុំផ្ទាល់ពីភាគីអ៊ីរ៉ង់ និងបានធ្វើឡើងចំពេលរដ្ឋធានីសេអ៊ូលបានបញ្ជូនក្រុមមន្រ្តីចុះពិនិត្យ និងវាយតម្លៃស្ថានភាពនៅមជ្ឈិមបូព៌ា ដើម្បីស៊ើបអង្កេតមើលថា តើត្រូវបញ្ជូនកងទ័ពទៅកាន់តំបន់នោះដែរឬទេ...?

គេនៅចាំបានថា កាលពីសប្តាហ៍មុនថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា រដ្ឋធានីសេអ៊ូល កំពុងពិចារណាឡើងវិញយ៉ាងល្អិតល្អន់លើជម្រើសនានា រួមទាំងវិធានការផ្លូវយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្ទហ័រមូស្ស។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង កាលពីខែសីហា ដោយបានរិះគន់រដ្ឋធានីសេអ៊ូលធ្ងន់ៗ ជុំវិញការចំណាយខ្ពស់លើសមយុទ្ធយោធា និងការមិនព្រមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងអំឡុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត