កូរ៉េខាងត្បូង ត្រៀមបញ្ជូនកម្លាំងយោធាទៅកាន់ច្រកសមុទ្ទហ័រមូស្ស ក្រោយ ត្រាំ ដាក់សម្ពាធ
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងត្បូង កំពុងរៀបចំផែនការដាក់ពង្រាយយោធា និងគ្រឿងយុទ្ធោបករណ៍យោធា ដើម្បីគាំទ្រដល់សេរីភាពនៃការនាវាចរណ៍នៅក្នុងតំបន់ក-ដបដ៏ក្ដៅគគុកនៃច្រកសមុទ្ទហ័រមូសុ្ស ហើយត្រៀមដាក់ពង្រាយឱ្យបានមុនដាច់ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយ ដោយផ្អែកលើប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាល និងយោធា។

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងជាច្រើនបានទម្លាយថា រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់រៀបចំនីតិវិធីច្បាប់ ដើម្បីស្វែងរកការអនុម័តផ្លូវការពីរដ្ឋសភា រួមទាំងការដាក់លិខិតស្នើសុំការយល់ព្រមទៅកាន់សភាជាតិនៅខែកញ្ញានេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីគណៈរដ្ឋមន្ត្រី។ ប្រភពដដែលបានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងថ្លឹងថ្លែងលើជម្រើសយុទ្ធសាស្ត្រជាច្រើន រួមមាន៖ ការបញ្ជូនយន្តហោះល្បាតជើងទឹក នាវាផ្គត់ផ្គង់ភស្តុភារ ឬអង្គភាពស្វែងរក និងកម្ទេចមីន។ ជាមួយគ្នានេះ រដ្ឋធានីសេអ៊ូលបាននិងកំពុងបើកកិច្ចភាក្សាយ៉ាងស៊ីជម្រៅអំពីទំហំ និងទម្រង់នៃកិច្ចអន្តរាគមន៍នេះ ជាមួយមហាអំណាចលោកខាងលិច រួមមាន៖ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងបារាំង។

ទោះជាយ៉ាងណា ការិយាល័យកំពូលប្រធានាធិបតីកូរ៉េខាងត្បូង បានចេញមុខអះអាងថា រដ្ឋធានីសេអ៊ូលពិតជាបានពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីចូលរួមចំណែកដល់សេរីភាពនៃនាវាចរណ៍ក្នុងច្រកសមុទ្ទនេះពិតមែន ប៉ុន្តែរបាយការណ៍ដែលអះអាងថា រដ្ឋាភិបាលបានសម្រេចចិត្តជាស្ថាពរលើការដាក់ពង្រាយកងទ័ពនោះ គឺ ខុសពីការពិត។ គួររំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ធ្លាប់បានបង្ហោះលើបណ្តាញសង្គមកាលពីខែសីហា បែបដាក់សម្ពាធថា លោកបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង ដោយសារតែភាគីកូរ៉េខាងត្បូងបានគ្រវីដៃមិនជួយសហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត