
រដ្ឋធានីហាណូយ៖ តុលាការប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស១១ នាក់ នៅក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ បន្ទាប់ពីការស៊ើបអង្កេត ដែលបានចាប់ផ្តើមនៅពេលបុគ្គលិកបម្រើការើយន្តហោះ៤រូប ត្រូវបានចាប់ខ្លួនពីបទដឹកជញ្ជូនសារធាតុញៀនលាក់ក្នុងបំពង់ថ្នាំដុសធ្មេញកាលពីឆ្នាំ២០២៣។ នេះយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋវៀតណាម VnExpress នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

សំណុំរឿងនេះ មានជនជាប់ចោទសរុបដល់ទៅ២២៧នាក់។ សំណុំរឿងនេះ បានកើតឡើងបន្ទាប់ពីការរកឃើញគ្រឿងញៀនជាង១០គីឡូក្រាម ដែលលាក់ទុកក្នុងបំពង់ថ្នាំដុសធ្មេញចំនួន១៥៧ដើម ដឹកជញ្ជូនដោយបុគ្គលិកស្រ្តីបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines ចំនួន៤រូប ដែលធ្វើដំណើរមកពីរដ្ឋធានីប៉ារីស ប្រទេសបារាំង។ យោងតាមសេចក្តីរាយការណ៍ ស្ត្រីទាំងនោះបានដឹកជញ្ជូនគ្រឿងញៀនដោយអចេតនា។ ក្រោយមក អ្នកស៊ើបអង្កេតបានលាតត្រដាងនូវអ្វីដែលរដ្ឋអាជ្ញាវៀតណាមបានអះអាងថា ជាបណ្តាញជួញដូរកម្រិតអន្តរជាតិ ដែលបានរត់ពន្ធគ្រឿងញៀនក្នុងទម្រង់ជាទំនិញប្រើប្រាស់ពីប្រទេសបារាំងចូលទៅក្នុងប្រទេសវៀតណាម។

រដ្ឋអាជ្ញា លើកឡើងថា សមាជិកនៃបណ្តាញនេះ បានប្រើប្រាស់គណនីធនាគារដែលបានចុះឈ្មោះក្រោមឈ្មោះអ្នកដទៃ និងសេវាកម្មដឹកជញ្ជូន ដើម្បីចែកចាយគ្រឿងញៀនទូទាំងភាគខាងកើតនៃប្រទេសវៀតណាម។ យ៉ាងណា គេមិនទាន់ទទួលបានព័ត៌មានលម្អិតពីមេធាវីដែលការពារក្តីឱ្យជនជាប់ទោសប្រហារជីវិតទាំង១១នាក់ ភ្លាមៗនោះទេ។ លើសពីនេះ នៅមានជនជាប់ចោទ២០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿងគ្រឿងញៀនដ៏ធំសម្បើមនេះ។ ការប្រកាសសាលក្រមនេះ ធ្វើឡើងស្របពេលប្រទេសវៀតណាមកំពុងពិចារណាលើការកែប្រែមួយចំនួនចំពោះការអនុវត្តទោសប្រហារជីវិត។ សូមរំឭកថា កាលពីខែសីហាកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលបានស្នើឱ្យលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន៧ រួមទាំងការជួញដូរគ្រឿងញៀនផងដែរ ដែលជាផ្នែកមួយនៃការកែទម្រង់ក្រមព្រហ្មទណ្ឌ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្នើកែប្រែទាំងនោះមិនទាន់ចូលជាធរមាននៅឡើយទេ៕



