បង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈ! សិប្បកម្មកែច្នៃប្លាស្ទិកនៅខេត្តកណ្តាល រងពិន័យពីក្រសួងបរិស្ថាន
S
Soriya Sou
22 កក្កដា 2026 01:30 PM

ក្រុងតាខ្មៅ៖ សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែង មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្រសួងបរិស្ថានផាកពិន័យអន្តរការណ៍ និងដាក់ចេញនូវវិធានការច្បាប់មួយចំនួន ក្រោយសិប្បកម្មនេះបង្ហូរសំណល់រាវបំពុលដល់បរិស្ថាន…។

ការពិន័យរបស់ក្រសួងបរិស្ថាន លើសិប្បកម្មកែច្នៃផ្លាស្ទិកខាងលើ ធ្វើឡើងក្រោយមានការចុះត្រួតពិនិត្យដោយផ្ទាល់ពី លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមន្រ្តីជំនាញ មន្ទីរបរិស្ថានខេត្តកណ្តាល ហើយបានរកឃើញសិប្បកម្មនេះ មិនបានគោរពបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថានត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយពិនិត្យឃើញកំហុស ក្រុមមន្រ្តីជំនាញបានចាត់វិធានការឱ្យសិប្បកម្ម ត្រូវបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ហើយត្រូវរៀបចំអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់សំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក។

មន្រ្តីជំនាញ ក៏បានដាក់វិធានការឱ្យសិប្បកម្មធ្វើការស្តារសំណល់ប្លាស្ទិកប្រមាណ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូនដឹកចេញ ហើយត្រូវតែជាក្រុមហ៊ុនផ្តល់សេវាដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ នៅក្រសួងបរិស្ថាន។ មិនទាន់អស់ទេ សិប្បកម្មនេះ ក៏ត្រូវរងពិន័យអន្តរការណ៍ពីក្រសួងបរិស្ថាន លើករណីមួយចំនួន ដូចជា៖ ការមិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង យោងតាមមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក យោងតាមមាត្រា២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា១៧៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ សិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈ តាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ អនុលោមតាមមាត្រា១៦២ និងមាត្រា១៦៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត