
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងអ្នកពាក់ព័ន្ធ រួមគ្នាពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា ដើម្បីកសាងសហគ្រាសកម្ពុជាឱ្យកាន់តែរឹងមាំ។ ប្រសាសន៍លោកស្រី ចម និម្មល ត្រូវបានក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦...។

ថ្លែងក្នុងកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក ក្នុង "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣" លោកស្រី ចម និម្មល បានឱ្យដឹងថា ក្នុងបរិបទដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ និងអាស៊ានកំពុងជំរុញកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល អ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រែក្លាយទំនាក់ទំនងទៅជាកិច្ចសហការ និងឱកាសធុរកិច្ចជាក់ស្ដែង។ លោកស្រី អំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសហគ្រាសកម្ពុជា ឱ្យរួមគ្នាពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា ចំណេះដឹង ហិរញ្ញប្បទាន និងទីផ្សារ ដើម្បីរួមចំណែកកសាងសហគ្រាសកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ រដ្ឋមន្រ្តីពាណិជ្ជកម្មបានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក និងស្ថានទូតចក្រភពព្រីតថេន ដែលតែងតែផ្ដល់កិច្ចសហការ និងភាពជាដៃគូយ៉ាងរឹងមាំជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា។ លោកស្រីបានចាត់ទុកការជួបជុំនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមក្នុងការជំរុញភាពជាដៃគូឱ្យឈានហួសពីកិច្ចសន្ទនា តាមរយៈការបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យរវាងរាជរដ្ឋាភិបាល វិស័យធុរកិច្ច បច្ចេកវិទ្យា និងទីផ្សារ។

លោកស្រី ចម និម្មល ក៏បានលើកឡើងពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថល ក្នុងការតភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជាជាមួយអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោក កាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម បង្កើនតម្លាភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ច។ ក្នុងនោះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ តាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាកម្មកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអនឡាញ ថ្នាលទីផ្សារអេឡិចត្រូនិក CambodiaTrade ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញអេឡិចត្រូនិក និងប្រព័ន្ធលិខិតអនុញ្ញាតរៀបចំពិព័រណ៍អេឡិចត្រូនិកដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខផងដែរ៕




