
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសប្រាប់ដល់បណ្ដាពាណិជ្ជករ សាធារណជន ឱ្យចុះឈ្មោះចូលរួម «ពិព័រណ៍គ្រឿងសមុទ្ទលើកទី២ (The Second Edition of Seafood Expo Bharat-SEB 2026)» ដែលនឹងត្រៀមរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌា...។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍គ្រឿងសមុទ្ទលើកទី២ រៀបចំដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋតាមិលណាឌូ Tamil Nadu ប្រទេសឥណ្ឌា។ ពិព័រណ៍នេះនឹងមានស្តង់ចំនួន៣២៥ ហើយរំពឹងថា មានគណៈប្រតិភូធុរកិច្ចឥណ្ឌា និងបរទេសចូលរួមប្រមាណ៥០០០នាក់។ លើសពីនេះ កម្មវិធីក៏នឹងរៀបចំជូនគណៈប្រតិភូចូលរួម កម្មវិធីជំនួបធុរកិច្ច ទស្សនកិច្ច រោងចក្រកែច្នៃគ្រឿងសមុទ្ទ និងកសិដ្ឋានជលផលផងដែរ។ ក្នុងន័យនេះ ភាគីឥណ្ឌាបានអញ្ជើញក្រុមហ៊ុននាំចូលគ្រឿងសមុទ្ទចំនួន១០ និងអ្នកចូលរួមតាំងពិព័រណ៍ចំនួន១០ស្តង់ផ្សេងទៀត ក្នុងផ្នែក seafood processors, aquaculture and processing machinery manufacturers, និង aquaculture/processing input supplier សម្រាប់ចូលរួមរៀបចំពន្លាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។

ក្នុងនោះ ភាគីឥណ្ឌានឹងទទួលចេញថ្លៃសំបុត្រយន្តហោះទៅ-មក មិនលើស២០០០ដុល្លារអាម៉េរិក (សម្រាប់តែម្នាក់ក្នុងមួយក្រុមហ៊ុន) ការស្នាក់នៅ និងការធ្វើដំណើរក្នុងស្រុក សម្រាប់តំណាងក្រុមហ៊ុននាំចូលគ្រឿងសមុទ្ទ។ ក្នុងនាមជាអ្នកសម្របសម្រួលព្រឹត្តិការណ៍ខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសឱ្យពាណិជ្ជករ និងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមពិព័រណ៍ខាងលើ សូមទំនាក់ទំនងទំនងទៅមន្រ្តីកាន់ការងារនេះតាមរយៈ WhatsApp: +917276009600 ខណៈពិព័រណ៍នេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលបានចូលរួម៕



