
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃកម្ពុជាឱ្យបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបអន្តរជាតិ…។

បច្ចុប្បន្ន ស្រូវ-អង្ករ រួមទាំងផលិតផលកសិកម្មកែច្នៃកម្ពុជា កំពុងបន្តពង្រីកវត្តមាន នៅលើទីផ្សារអន្តរជាតិសំខាន់ៗ។ ជាក់ស្ដែង តាមរយៈក្រុមហ៊ុន Amru Rice អង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain (កុងទ្វ័រ ឌូ ក្រាំង) បានចូលទៅកាន់ធ្នើរផ្សារទំនើបខ្នាតយក្សមួយ នៅប្រទេសបារាំង, អង្ករប្រណីត Emerald River កំពុងបង្ហាញវត្តមាននៅផ្សារទំនើបធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក។ ដោយឡែក នៅលើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice របស់ក្រុមហ៊ុនខាងលើ ក៏បានដាក់ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកទិញបានយ៉ាងងាយស្រួល នៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅតាមបណ្តាញផ្សារទំនើប នៅក្នុងទីក្រុងហុងកុង។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម កាលពីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ក្រៅពីស្រូវ-អង្ករ ផលិតផលកសិកម្ម និងផលិតផលកែច្នៃកម្ពុជាផ្សេងទៀត ដូចជា ផលិតផលស្វាយកែច្នៃ របស់ក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន ជាដើម ក៏បានបង្ហាញវត្តមាននៅលើធ្នើរផ្សារទំនើប COSTCO របស់អាម៉េរិក ផងដែរ។ ផលិតផលស្វាយកែច្នៃនេះ បានឆ្លងកាត់ការវាយតម្លៃស្ដង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់។ ចំណែក ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួននៅប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ នៅលើទីផ្សារប្រទេសបារាំង ផលិតផលខ្មែរក៏កំពុងមានវត្តមាន នៅផ្សារទំនើបមួយចំនួន ហើយគ្រោងពង្រីកខ្លួនបន្ថែមទៀតនាពេលខាងមុខ។

បន្ថែមពីនេះ កម្ពុជានៅមានផលិតផលកសិកម្មកែច្នៃជាច្រើនទៀត ដែលកំពុងពង្រីកឥទ្ធិពលនៅលើឆាកអន្តរជាតិ ដូចជា៖ ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញលំដាប់ប្រណីត ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារសហភាពអឺរ៉ុប អាម៉េរិក និងជប៉ុន។ ក្រុមផលិតផលគ្រឿងទេស ទឹកជ្រលក់ និងម្ហូបពាក់កណ្តាលសម្រេច ដូចជា៖ គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រីស្ដង់ដារគុណភាពខ្ពស់ និងផលិតផលជលផលកែច្នៃ (ប្រហុក ត្រីឆ្អើរ) ក៏កំពុងពង្រីកការនាំចេញយ៉ាងសកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុប។

បច្ចុប្បន្ន ផលិតផលកសិកម្ម និងផលិតផលកែច្នៃកម្រិតខ្ពស់របស់កម្ពុជា មានវត្តមានលើធ្នើរផ្សារទំនើបតាមបណ្តាប្រទេសនានា។ ជាពិសេស គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១ម៉ឺន៦ពាន់សាខា នៅទូទាំងប្រទេសជប៉ុន។ សមិទ្ធផលទាំងនេះ បង្ហាញពីប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា ប្រែក្លាយអត្តសញ្ញាណ «Product of Cambodia» ឱ្យទៅជាជម្រើសប្រកបដោយទំនុកចិត្តខ្ពស់ តាមរយៈការពង្រឹងគុណភាព ស្ដង់ដារ និងការបង្កើនតម្លៃបន្ថែម ឈានទៅពង្រីកចំណែកទីផ្សារនៅលើឆាកអន្តរជាតិ៕



