
រាជធានីភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម…។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រសួងទាំងពីរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការឆ្លើយតបចំពោះបញ្ហា និងហានិភ័យបរិស្ថាន ដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម។ វាក៏រួមចំណែកការពារសុខភាពសាធារណៈ រក្សាគុណភាពបរិស្ថាន និងជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន និងប្រកបដោយចីរភាព ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

លោកស្រី ចម និម្មល មានប្រសាសន៍ថា ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរ ពិតជាមានសារសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងកិច្ចសហការការពារបរិស្ថាន លើកទឹកចិត្តដល់ធុរកិច្ចបៃតង ក៏ដូចជាជំរុញសកម្មភាពរបស់ក្រុមហ៊ុននានា មានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីថា ការពង្រឹងកិច្ចគាំពារបរិស្ថាន គឺមានភាពចាំបាច់ក្នុងការរក្សាការប្រកួតប្រជែង និងការលើកតម្កើងផលិតផលកម្ពុជា ក្នុងទីផ្សារកាន់តែប្រសើរ។ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានប្ដេជ្ញាចិត្តអនុវត្តអនុស្សរណៈនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ ក្រសួងពាណិជ្ជកម្ម នឹងបន្តផ្តោតលើការបង្ការ ការផ្សព្វផ្សាយ ការណែនាំបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងរបស់ធុរជន ពីការគាំពារបរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យក្រុមហ៊ុន និងសហគ្រាសអាចកំណត់ និងគ្រប់គ្រងហានិភ័យ កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផល និងសហគ្រាសកម្ពុជា។

លោក អ៊ាង សុផល្លែត បានថ្លែងថា អនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម នឹងអនុញ្ញាតឱ្យក្រសួងទាំងពីរពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង តាមរយៈការផ្លាស់ប្ដូរព័ត៌មាន និងការជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងទាន់ពេលវេលាពីក្រុមហ៊ុនទាំងហ្លាយណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងបង្កការបំពុលបរិស្ថាន ព្រមទាំងចាត់វិធានការរដ្ឋបាលច្បាស់លាស់ និងយ៉ាងតឹងរ៉ឹង រាប់ចាប់តាំងពីការព្រមាន ការផ្អាក ឬលុបចោលអាជ្ញាបណ្ណ រហូតដល់ការដាក់ឈ្មោះក្រុមហ៊ុនល្មើសទៅក្នុង«បញ្ជីខ្មៅ»៕



