
ក្រុងស្ទឹងសែន៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទស្សនា និងគាំទ្រទិញកសិផល ព្រមទាំងផលិតផលក្នុងស្រុកដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ដែលកំពុងដាក់តាំងបង្ហាញ និងលក់នៅក្នុង «ផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំ»...។

«ផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំ» មានដាក់តាំងលក់នូវកសិផលខ្មែរបន្លែ ត្រី សាច់ និងផលិតផលជាច្រើនប្រភេទដែលដាំដុះ កែច្នៃ និងផលិតដោយស្នាដៃកូនខ្មែរពិតៗ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ៈ០០នាទីព្រឹក ដល់ម៉ោង៦ៈ០០នាទីល្ងាច នៅស្តង់ផ្សារកសិផល ស្ថិតនៅមុខសួនកុមារខេត្តកំពង់ធំ។ បងប្អូនអាចទិញយកទៅទទួលទាន និងប្រើប្រាស់បានដោយទំនុកចិត្ត និងមានសុវត្ថិភាព ជាជាងប្រើប្រាស់ និងទទួលទានផលិតផលនាំចូលដែលមិនដឹងប្រភពច្បាស់លាស់។ ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា ផ្សារផលិតផលខ្មែរនេះ មានគោលបំណងបង្កើនឱកាសចូលដំណើរការទីផ្សារ និងពង្រីកបណ្តាញទីផ្សារសម្រាប់កសិករ ផលិតករ សហគ្រាសធុនតូច និងអាជីវករខ្មែរ ព្រមទាំងជួយតភ្ជាប់ក្រុមផលិតទៅកាន់អ្នកប្រើប្រាស់ដោយផ្ទាល់ ដើម្បីបង្កើនការលក់ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងផលិតករក្នុងមូលដ្ឋាន។

សូមជម្រាបជូនថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួល និងផ្តល់ទីតាំងពី រដ្ឋបាលខេត្តកំពង់ធំ, មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមក្របខណ្ឌគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ការគាំទ្រ និងការប្រើប្រាស់ផលិតផលខ្មែរ គឺជាការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ៕







