
រាជធានីភ្នំពេញ៖ ស្ថានទូតអាម៉េរិក បានបង្ហោះសារមួយលើបណ្តាញសង្គម នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការជួយបោសសម្អាតមីននៅកម្ពុជា។ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការរវាងអាម៉េរិក និងកម្ពុជា លើសកម្មភាពបោសសម្អាតមីន បានធ្វើឱ្យដីដែលមានគ្រោះថ្នាក់ ក្លាយទៅជាទីកន្លែងមានសុវត្ថិភាព ហើយផ្តល់ផលប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋាននៅកម្ពុជា។

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប លោកស្រី អាឡេក ហ្ស៊ីថល (Aleks Zittle) ភារធារីស្ថានទូតអាម៉េរិក បានទៅជួបក្រុមការងារអង្គការ HALO Trust ដើម្បីពិនិត្យមើលគម្រោងគាំទ្ររបស់អាម៉េរិក ដែលកំពុងជួយដល់ការងារបោសសម្អាតមីន។ ចាប់តាំងពីឆ្នាំ២០០០មក អាម៉េរិក បានផ្តល់ថវិកាជាង៥២លានដុល្លារ ដល់អង្គការ HALO Trust ដើម្បីចំណាយលើបេសកកម្មបោសសម្អាតមីននៅទូទាំងប្រទេសកម្ពុជា។

បើតាមសាររបស់ស្ថានទូតអាម៉េរិក កិច្ចសហប្រតិបត្តិការនេះ បានបោសសម្អាតផ្ទៃដីដែលមានមីនបានប្រមាណ២,៨ពាន់កន្លែង កម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១៤ម៉ឺនគ្រាប់ និងបានប្រគល់ដីទំហំជាង២២៧គីឡូម៉ែត្រការ៉េ ជូនដល់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ។ ស្ថានទូតអាម៉េរិក ប្រៀបធៀបថា ផ្ទៃដីជាង២២៧គីឡូម៉ែត្រការ៉េនេះ មានទំហំប្រហាក់ប្រហែលនឹងរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) របស់អាម៉េរិក។

សូមបញ្ជាក់ត្រង់កន្លែងនេះបន្តិចថា ផ្ទៃដីប្រមាណ២,៨ពាន់កន្លែង ដែលត្រូវបានបោសសម្អាតមីន និងផ្ទៃដីជាង២២៧គីឡូម៉ែត្រការ៉េ ដែលត្រូវបានប្រគល់ជូនប្រជាពលរដ្ឋកម្ពុជា គឺគិតត្រឹមតែជាការជួយរបស់អាម៉េរិកប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលពីការជួយបោសសម្អាតមីនពីសំណាក់ប្រទេស និងអង្គការអន្តរជាតិផ្សេងៗទៀតនោះទេ។ មានន័យថា ផ្ទៃដី ដែលត្រូវបានបោសសម្អាតមីន មានទំហំលើសពីនេះ បើគិតពីការជួយរបស់ភាគីផ្សេងៗទៀត បូករួមទាំងបេសកកម្មរបស់អង្គភាពជំនាញរបស់កម្ពុជាខ្លួនឯងផង មានអង្គភាពស៊ីម៉ាក់ ជាដើម។

តាមរយៈស្ថានទូតខ្លួន អាម៉េរិក រំលេចសារដ៏សំខាន់មួយថា៖«ការងារដែលកំពុងបន្តនេះ បានគូសបញ្ជាក់អំពីកម្លាំងដ៏រឹងមាំ និងយូរអង្វែង ក្នុងកិច្ចសហប្រតិបត្តិការដៃគូរវាងអាម៉េរិក និងកម្ពុជា ហើយបញ្ជាក់ពីអ្វីៗដែលប្រទេសទាំងពីរ សម្រេចបានដោយធ្វើការងាររួមគ្នា»៕







