មេស៊ីម៉ាក់ បន្តបង្ហាញភស្តុតាងថៃទម្លាក់គ្រា.ប់បែ.ករាប់លានគ្រា.ប់ចូលភូមិខ្មែរ
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តសៀមរាប៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) បន្តបើកបង្ហាញពីផលប៉ះពាល់ និងភស្តុតាងទាហានថៃ គ្រាប់បែកចង្កោម ដែលផ្ទុកកូនគ្រាប់បែករាប់លានគ្រាប់ ក្នុងសង្គ្រាមឈ្លានពានកម្ពុជា អំឡុងឆ្នាំ២០២៥។ អគ្គនាយកស៊ីម៉ាក់ បង្ហាញរបាយការណ៍នេះ អំឡុងពេលអង្គការដៃគូ និងអង្គភាពព័ត៌មាន​នានា ចុះទៅពិនិត្យជាក់ស្តែងនៅតំបន់គ្រាប់បែកចង្កោមក្នុងខេត្តបន្ទាយមានជ័យ​ ខេត្តឧត្តរមានជ័យ​ និងខេត្តព្រវិហារ​ ព្រមទាំងប្រជុំផ្សព្វផ្សាយខ្លឹមសារគ្រាប់បែកចង្កោម នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប នៅថ្ងៃទី១០-១១​ ខែកញ្ញា​ ឆ្នាំ២០២៦...។

លោក ហេង រតនា ថ្លែងថា៖«ក្នុងសង្គ្រាមក្នុងឆ្នាំ២០២៥​ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លើងធំប្រភេទ១៥៥មិល្លីម៉ែត្រ​ មានចំនួនប្រមាណ ១២ទៅ១៣ម៉ឺនគ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ៦ទៅ៧​លានគ្រាប់»។ គ្រាប់បែកចង្កោមដែលថៃ ប្រើប្រាស់ប្រភេទ M42, M46 និងM85 ផលិតនៅប្រទេសអុីស្រាអ៊ែល​ ហើយគ្រាប់បែកចង្កោមនេះ​ ស្ថិតក្រោមការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។ លោកបន្ថែមថា៖« ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ​ មានយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង»។ តាមអង្គភាពស៊ីម៉ាក់ គ្រាប់ទាំងនោះ បានបង្កផលប៉ះពាល់លេីភូមិចំនួន៣៣៥ នៃឃុំចំនួន៦០ ស្ថិតតាមបណ្តោយព្រំដែន ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩ម៉ឺនហិកតា ខណៈភូមិចំនួន១៤ និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់ការសិក្សាស្រាវជ្រាវបាន ដោយសារបញ្ហាសន្តិសុខ។

និយាយដោយឡែក ក្នុងសិក្ខាសាលាស្តីពី«ផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅរកការធានាសុវត្ថិភាពដល់តំបន់រងផលប៉ះពាល់» ចូលរួមពីស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីនជាច្រើន នៅថ្ងៃទី១១កញ្ញា ស៊ីម៉ាក់ បញ្ជាក់ថា តាមការស្រាវជ្រាវបច្ចេកទេស បានរកឃើញសំណល់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលមានកូនគ្រាប់មិនទាន់ផ្ទុះ និងបន្តបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ និងកសិករ ព្រមទាំងរាំងស្ទះដល់ការប្រើប្រាស់ដីធ្លី។ ស៊ីម៉ាក់ បន្ថែមថា ការបញ្ចប់ការប្រយុទ្ធមិនមានន័យថា គ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌបានបញ្ចប់នោះទេ ហើយការបន្តបោសសម្អាត គឺជាកត្តាសំខាន់សម្រាប់ធានាសុវត្ថិភាព និងការអភិវឌ្ឍនៅតំបន់រងផលប៉ះពាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត