រយៈពេល១ខែ មន្ត្រីជំនាញរកឃើញបទល្មើសធនធានធម្មជាតិជាង១៥០ករណីនៅទូទាំងប្រទេស
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ រយៈពេលពេញ១ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋតាមសហគមន៍ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេសបាន ១៥៧ករណី បញ្ជូនជនសង្ស័យ ៨នាក់ទៅតុលាការ។ ក្រសួងបរិស្ថាន ប្រកាសព័ត៌មាននេះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦..។

ក្រសួងបានលម្អិតថា បទល្មើសទាំង១៥៧ករណីនោះ រួមមាន៖ បទល្មើសព្រៃឈើ៦៧ករណី បទល្មើសសត្វព្រៃ៤០ករណី បទល្មើសដីធ្លី៣៣ករណី បទល្មើសនេសាទ១៦ករណី និងបទល្មើសធនធានរ៉ែ១ករណី។ ក្រៅពីនេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស អាជ្ញាធរបានរកឃើញ និងបង្ក្រាបការកាប់រានដី ក្នុងតំបន់ការពារធម្មជាតិជាង៤៨ហិកតា ក្នុងនោះ មានផ្ទៃដីជាង២០ហិកតា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បន្ថែមលើនេះ ក្រុមការងារក្រសួងបានធ្វើកំណត់ហេតុបទល្មើសជាង ៦០ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ៦ករណីដែលមានជនសង្ស័យ៨នាក់។

ក្រៅពីការចុះល្បាត និងបង្ក្រាបបទល្មើស ក្រសួងបរិស្ថាន ក៏បានពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ផងដែរ។ ជាក់ស្តែង ក្នុងខែសីហា ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ បានរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពីការកត់ត្រា-ស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ, សំអាងបទល្មើស និងបទល្មើសសម្អាតប្រាក់ នៅក្នុងខេត្តកោះកុង ប៉ៃលិន និងខេត្តក្រចេះ។ វគ្គបណ្ដុះបណ្ដាលនោះ ផ្តោតលើការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម ការពិនិត្យសំណុំរឿងដែលបានបញ្ជូនទៅតុលាការ ការធ្វើលំហាត់អនុវត្ត ការចែករំលែកបទពិសោធពាក់ព័ន្ធនឹងការកសាងសំណុំរឿង និងនីតិវិធីអនុវត្តច្បាប់។ ក្រសួង បន្តអំពាវនាវឱ្យមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដើម្បីទប់ស្កាត់បទល្មើស និងធានានិរន្តរភាពនៃតំបន់ការពារធម្មជាតិនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត