ចាំមើលលទ្ធផល! ក្រុមប្រឆាំងនៅថៃ លែងចង់ឃើញមុខអនុទីន ត្រៀមដាក់ញត្តិទម្លាក់ចេញពីកៅអីនាយករដ្ឋមន្រ្តី
Mao Sopha
17 ម៉ោងមុន

រាជធានីបាងកក៖ គណបក្សប្រជាជន ជាគណបក្សប្រឆាំងធំជាងគេនៅថៃ គ្រោងដាក់ ញត្តិទៅរដ្ឋសភា យ៉ាងយូរបំផុតនៅចុងខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីសុំឱ្យរដ្ឋសភា ដកសេចក្តីទុកចិត្តពីលោក អនុទីន ឆានវីរគុល (Anutin Charnvirakul) ដែលមានន័យស្មើនឹងសុំដកនាយករដ្ឋមន្រ្តីរូបនេះ ចេញពីតំណែង។ នេះបើតាមការប្រកាសរបស់លោក ផារិត វ៉ាឆារ៉ាស៊ិនទូ (Parit Wacharasindhu) សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនថៃ ហើយត្រូវបានស្រង់យកទៅចុះផ្សាយដោយកាសែត ខាវសត នៅថ្ងៃទី១២ ខែកញ្ញា។ 

លោក អនុទីន
លោក អនុទីន

ក្រៅពីលោក អនុទីន ក៏នៅមានលោក ឆៃឆានុក ឈីតឈប (Chaichanok Chidchob) រដ្ឋមន្រ្តីកិច្ចការសង្គម និងសេដ្ឋកិច្ចឌីជីថល ក៏ជាផ្ទាំងស៊ីប ដែលក្រុមប្រឆាំងកត់ឈ្មោះចូលក្នុងបញ្ជីដែលត្រូវស្នើឱ្យរដ្ឋសភាដកគ្រវាត់ចោលដែរ។ នៅមានឈ្មោះរដ្ឋមន្រ្តីផ្សេងទៀត ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំង មិនទាន់បញ្ចេញនោះទេ។ 

លោក ផារិត វ៉ាឆារ៉ាស៊ិនទូ 
លោក ផារិត វ៉ាឆារ៉ាស៊ិនទូ 

មូលហេតុចម្បងៗដែលក្រុមប្រឆាំងលែងចង់ឃើញមុខលោក អនុទីន និងរដ្ឋមន្រ្តីមួយចំនួននៅក្នុងតំណែង រួមមាន ១. ករណីការសូកប៉ាន់ និងភាពមិនប្រក្រតីក្នុងការប្រឡងជ្រើសរើសមន្ត្រីមូលដ្ឋាន, ២. បញ្ហាលើគម្រោង TH-AI Passport ជាកម្មវិធីឌីជីថល ដែលអនុញ្ញាតឱ្យពលរដ្ឋថៃ៥លាននាក់ ចុះឈ្មោះទទួលការបណ្តុះបណ្តាលជំនាញ អេអាយ (AI) ជំនាញផ្នែកឌីជីថល ឬបច្ចេកវិទ្យាក្នុងរយៈពេល១ឆ្នាំ ដោយត្រូវចំណាយលុយរដ្ឋប្រមាណ៥០លានដុល្លារ, ៣. បោះឆ្នោតព្រឹទ្ធសភា មានភាពមិនប្រក្រតី។ មានមូលហេតុមួយចំនួនទៀត ដែលគណបក្សប្រឆាំង កំពុងស៊ើបអង្កេត ប៉ុន្តែមិនទាន់បង្ហាញជាសាធារណៈនាពេលនេះ។  

លោក ឆៃឆានុក
លោក ឆៃឆានុក

រង់ចាំមើលមើល៍ ថាតើវាសនា អនុទីន នឹងទៅជាយ៉ាងណា? តើនាយករដ្ឋមន្រ្តីសម្បូរទៅដោយរឿងដែលគេតែងសើចចំអករូបនេះ អាចទប់កម្លាំងរបស់ក្រុមប្រឆាំងបានដែរទេ? គណបក្សប្រឆាំង និងតំណាងរាស្រ្តក្នុងសភាមកពីគណបក្សប្រឆាំង តែងបង្ហាញការមិនពេញចិត្តជារឿយៗចំពោះរាជរដ្ឋាភិបាល ជាពិសេសតួអង្គអនុទីន ផ្ទាល់តែម្តង។ សូម្បី ក្រុមអាវលឿង ដែលមាននិន្នាការប្រឆាំង ក៏ចេញមករករឿងដែរ។

កិច្ចប្រជុំរដ្ឋសភាថៃ
កិច្ចប្រជុំរដ្ឋសភាថៃ

នៅថ្ងៃទី១០ ខែកញ្ញាថ្មីៗនេះ លោក សន្ធិ លីមថងគុល (Sondhi Limthongkul) អតីតមេដឹកនាំក្រុមអាវលឿង បានដឹកនាំក្រុមមនុស្ស ទៅធ្វើបាតុកម្មនៅជុំវិញស្ថានទូតអ៊ីស្រាអែល ដោយទាមទារឱ្យអ៊ីស្រាអែល និងរាជរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់អនុទីន ត្រូវដោះស្រាយបញ្ហាប្រជាជនអ៊ីស្រាអែលនៅលើទឹកដីថៃ។ ក្រុមបាតុករ ប្រើពាក្យធ្ងន់ធ្ងរខ្លាំងណាស់ថា «រួមគ្នាដណ្តើមយកប្រទេសថៃមកវិញ»៕ 

លោក សន្ធិ ដឹកនាំធ្វើបាតុកម្ម
លោក សន្ធិ ដឹកនាំធ្វើបាតុកម្ម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត